សម្ដេចធិបតី នឹងដឹកនាំគណៈកម្មការជាតិមួយដែលបង្កើតថ្មី ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ
នេះជាការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសដែលឯកឧត្តមថ្លែងបាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព ដោយកំណែទម្រង់ទាំងនោះផ្តោតលើអាទិភាព ដូចខាងក្រោម:
⁃ (ទី១)៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។
មុំទី១ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលពាក់ព័ន្ធជាមួយវិស័យអប់រំ ស្ដីពី “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ផងដែរ។
⁃ (ទី២)៖ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨។ ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្ដេចធិបតី បានកំណត់ អាទិភាពស្នូល ៤ចំណុច គឺ៖
•អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។
•អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុង
ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
•អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី
អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។
•អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្រប
តាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
បន្ថែមពីលើអាទិភាពស្នូលទាំង ៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្ថែម ៤ ចំណុច ទៀតរួមមាន៖
១៖ ការអប់រំឌីជីថល
២៖ ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅគ្រឹះស្ថានឧត្ដមសិក្សា
៣៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព
៤៖ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
⁃ (ទី៣)៖ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ ការបង្កើតឱ្យមានកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាមរយៈការបង្ហាញពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញរបាយការណ៍របស់សាលារៀនជូនដល់សហគមន៍ ដើម្បីឱ្យមជ្ឈដ្ឋានជុំវិញយល់ដឹងសារៈសំខាន់នៃការសិក្សាពីព្រោះសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវុឌ្ឍិផងដែរ។
MoEYS