|

សម្ដេចធិបតី កោតសរសើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីថ្មីក្រសួងពាណិជ្ជកម្មថាធ្វើការរហ័ស ឆ្លើយតបជាមួយការងារលឿន


មានប្រសាសន៍នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការងាររកទីផ្សារសម្រាប់ប្រជាកសិករ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្ដេចបានណែឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរកមានទីផ្សារអោយប្រជាកសិករក្នុងការលក់ផលិតផលកសិកម្ម។ សម្ដេចមានប្រសាសន៍ថា «ផលិតផលអីក៏បាន អោយតែរុញចេញ បង្កើតទីផ្សារអោយបងប្អូនយើង ត្រូវតែធ្វើទាំងអស់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងអភវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវធ្វើយ៉ាងណាធ្វើការជាមួយគ្នា នាដើម្បីពង្រឹងការនាំចេញរបស់យើង និងភាពប្រកួតប្រជែង ពោលគឺត្រូវយ៉ាងទាញផលអោយប្រជាជនយើងទាំងអស់អោយបាន។

ផ្សារភ្ជាប់ជាមួយគ្នានេះ សម្ដេចបានសម្ដែងក្ដីទុកចិត្តយ៉ាងខ្លាំងលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល ដោយលោកជំទាវ បានអនុវត្តការងារយ៉ាងឆាប់រហ័ស គ្រាន់តែដាក់ការងារអោយភ្លាម ស្អែកឡើងមានការរាយការណ៍ពីលទ្ធផលអំពីការរកទីផ្សារជូនប្រជាកសិករភ្លាម។ សម្ដេចបញ្ជាក់ថា អោយតែមន្រ្តីធ្វើការលឿន ផលក៏ដល់ដៃប្រជាជនលឿនដែរ ហ្នឹងហើយដែលអ្វីដែលត្រូវធ្វើអោយលឿនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង។

លោកជំទាវ ចម និម្មល

គួរកត់សម្គាល់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំជំនួបជាមួយអ្នកនាំចេញនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំចក្ខុវិស័យក្នុងការនាំចេញក្នុងវិស័យស្រូវអង្ករ ដែលជាការឆ្លើយតបបានយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទៅនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយប្រជាកសិករក្នុងដំណាក់កាលនេះ៕