|

សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការរិះគន់របស់ប្រជាកសិកររឿងស្រូវចុះថោក


តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូនសាធារណជន និងប្រជាកសិករទាំងអស់ថា ស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជាមួយរយៈនេះ មានការកើនឡើងមិនធ្លាប់មាន។ ការឡើងថ្លៃនេះ ដោយសារកត្តាមួយចំនួនដូចជា ការផ្អាកនាំអង្ករចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្ដាលមកពីឥទ្ធិពលនៃកម្ដៅ រាំងស្ងួត អ៊ែលនីនូ លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។

ការណ៍នេះ នាំឱ្យប្រទេសដែលពឹងផ្អែកលើការនាំចូលអង្ករមានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូនេះដែរ ក៏សម្រុកទិញស្រូវអង្ករទាំងបង្ខំ ជាហេតុធ្វើឱ្យតម្លៃស្រូវ និងអង្កនៅលើទីផ្សារ ជាពិសេសនៅក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ ទៅជាង៧០០ដុល្លារ/តោន ដែលកត្តាទាំងនេះធ្វើឱ្យមានតម្រូវការស្រូវខ្ពស់សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាង ដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាចាប់ផ្ដើមប្រមូលផលស្រូវស្រាលដើមរដូវវស្សា មុនប្រទេសក្បែរខាងយើងផងដែរ។

ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាននឹងកំពុងត្រឡប់មកជាធម្មតាវិញ ស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិ បានវិលត្រឡប់មកប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារ/តោនសម្រាប់អង្ករស។

ដោយឡែកនៅក្នុងពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែមានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១០៩០-១២៥០ រៀល/គីឡូក្រាមទៅតាមប្រភេទស្រូវ ដែលតម្លៃនេះសហព័ន្ធស្រូវអង្ករកម្ពុជាជឿថា នៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរពីផលិតកម្មដំណាំស្រូវនៅឡើយ។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវសូមឱ្យមានការយោគយល់ពីសំណាក់ប្រជាកសិករទាំងអស់ទៅលើការប្រែប្រួលនៃតម្លៃស្រូវ និងអង្ករនេះផងដែរ៕

រូបភាព: Phnom Penh post