ឯកឧត្តម ហ៊ុន ម៉ានី៖ «យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត»
នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាទិវាអក្ខរកម្មជាតិលើកទី២៣ ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។
នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចសារមួយក្នុងន័យឆ្លុះបញ្ចាំងថា ក្នុងអតីតកាល និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីកដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញក្តីស្រមៃរបស់ខ្លួន។
ឯកឧត្តមបន្តថា អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនសម្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល រីកចម្រើនជឿនលឿនតទៅមុខ ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត។
សូមជម្រាបថា អក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ ៖ «អក្ខរកម្មជាមូលដ្ឋាននៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច » ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែ ទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម៕