|

ឯកឧត្តម នួន ផារ័ត្ន: «ការអភិវឌ្ឍទីក្រុងឆ្លាត គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ»


នេះជាប្រសាសន៍ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងឱកាសចូលរួមពិធីបើកកម្មវិធីពិព័រណ៍ពិភពលោកស្តីពីទីក្រុងឆ្លាត (World Smart City Expo Korea – WSCE 2023) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងឱកាសនេះ ឯកឧត្តម ទទួលបានការផ្តល់កិត្តិយស ឱ្យចែករំលែកបទពិសោធន៍ការងារអភិវឌ្ឍទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ ជូនដល់ទីក្រុងផ្សេងៗ និងដៃគូពាក់ព័ន្ធ។

ឯកឧត្តមបានលើកឡើងថា ការងារអភិវឌ្ឍទីក្រុងឆ្លាត គឺជាការងារអាទិភាពមួយរបស់បណ្តាទីក្រុងនៅជុំវិញពិភពលោក និងជាការងារមួយដែលរាជធានីភ្នំពេញបាន និងកំពុងយកចិត្តទុកដាក់។ ការអភិវឌ្ឍទីក្រុងឆ្លាត គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់ថា បច្ចេកវិទ្យា ជាវិស័យអាទិភាពមួយ។

សូមជម្រាបថា ‘World Smart City Expo Korea -WSCE 2023’ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ទីក្រុងឆ្លាតវៃទីពីររបស់ពិភពលោក ដែលមានអ្នកជំនាញមកពីជាង២០០ ទីក្រុង ក្នុង៦០ ប្រទេសជុំវិញពិភពលោក បានប្រមូលផ្តុំ ពិភាក្សា និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងនាពេលអនាគតប្រកបដោយនិរន្តរភាព៕