|

មិនមែន១ មិនមែន២ ហើយក៏មិនមែន៣! លេចចេញឯកឧត្តម សោម រតនា មួយរូបទៀតក្នុងនីតិកាលទី៧


កន្លងមកសារព័ត៌មានថ្មីៗ ធ្លាប់បានចេញផ្សាយអំពីវត្តមាន ឯកឧត្តម សោម រតនា រហូតដល់ ៣ រូប ក្នុងជួររដ្ឋាភិបាលសម្រាប់នីតិកាលទី៧។ ឯកឧត្តម សោម រតនា ទី១ ជារដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា។ ឯកឧត្តម សោម រតនា ទី២ ជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម សោម រតនា ទី៣ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ឯកឧត្តម សោម រតនា ទាំង ៣ រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិកា និងអនុរដ្ឋលេខាធិកា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្រាប់នីតិកាលទី៧។

ឯកឧត្តម សោម រតនា ខាងឆ្វេង ជារដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា
ឯកឧត្តម សោម រតនា កណ្តាល ជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
និងឯកឧត្តម សោម រតនា ខាងស្តាំ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

ជាមួយគ្នានេះ នៅពេលមានព្រះរាជក្រឹត្យតែងតាំងមុខតំណែងណាមួយជូនដល់ឯកឧត្តម សោម រតនា មួយរូប ឯកឧត្តម សោម រតនា ពីររូបទៀតតែងមានការរញ្ជួយដោយសារជូនពរ ដោយសារមានការយល់ច្រឡំ ព្រោះឈ្មោះដូចគ្នា។ អ្នកខ្លះទៀត ក៏មានចម្ងល់ថា ហេតុអ្វីឈ្មោះមនុស្សតែម្នាក់ តែមានការកាន់តំណែងច្រើន ខណៈដែលរាជរដ្ឋាភិបាលកំពុងធ្វើការកាត់បន្ថយចំនួនមនុស្សតែម្នាក់ តែកាន់មុខនាទីច្រើននេះ។

ដោយឡែក នាពេលថ្មីៗនេះលេចចេញវត្តមាន ឯកឧត្តម សោម រតនា មួយរូបទៀត ដែលឯកឧត្តម ត្រូវតែងតាំងជាសមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើអនុរដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម សោម រតនា សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើអនុរដ្ឋលេខាធិការ

គួរកត់សម្គាល់ថា ថ្វីដ្បិតមានឈ្មោះដូចគ្នា តែឯកឧត្តម សោម រតនា ទាំង៤រូប មានមុខនាទីនៅក្នុងក្រសួងផ្សេងៗគ្នា ហើយសុទ្ធសឹងជាបញ្ញាវ័ន្តដែលពោរពេញដោយសមត្ថភាព ចំណេះដឹងខ្ពស់ ស្របទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ។