មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៖ ចំណេះដឹងផ្នែកសារព័ត៌មាន មានសារៈសំខាន់សម្រាប់អ្នកព័ត៌មានអាជីព


មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០កន្លងទៅ បានរៀបបាឋកថាសាធារណៈមួយក្រោមប្រធានបទ«តម្លៃព័ត៌មាន» ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង ផ្នែកសារព័ត៌មានទៅកាន់អ្នកចង់ប្រឡូកក្នុងវិស័យនេះ។

បាឋកថាសាធារណៈនេះត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាង មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសមាគមសាលាត្រាជូ ដោយមានការចូលរួមជាវាគ្មិនពិសេសពីសំណាក់ លោក សោម​ រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមការងារផ្នែកទំនាក់ទំនងសាធារណៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក​ សោម រតនា សង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីនេះឡើងពិតជាមានសារៈសំខាន់ណាស់ ជាពិសេសម្រាប់អ្នកដែលមានបំណងចង់ចូលរួមប្រឡូកក្នុងវិស័យនេះ ក៏ដូចជាចង់ស្វែងយល់ស៊ីជម្រៅអំពីការសរសេរ និងរាយការណ៍ព័ត៌មាន។

«ការយល់ពីតម្លៃព័ត៌មាន គឺជាចំណុចសំខាន់បំផុតដែលអាចជំរុញឱ្យអ្នកសារព័ត៌មានទទួលបានជោគជ័យក្នុងការសរសេរព័ត៌មាន។» លោក បានបញ្ជាក់ដូច្នេះ។

លោក សោម​ រតនា បានបន្ថែមទៀតថា៖«ដើម្បីសរសេរព័ត៌មាន គេត្រូវយល់ដឹងពីតម្លៃព័ត៌មាន ហើយតម្លៃព័ត៌មាន មានដោយសារមានមនុស្សអាន។ អ្នកសរសេរដែលល្អ មិនមែនចាប់ផ្ដើមដោយការសរសេរបានល្អនោះទេ ប៉ុន្តែអាស្រ័យលើការយល់ថា អ្វីទៅជា ភាពល្អ!»

ទន្ទឹមនឹងនោះ អ្នកចូលរួមក៏បានលើកឡើងពីបញ្ហា និងសួរសំណួរពីវិធីសាស្ត្រដើម្បីទបស្កាត់ព័ត៌មានក្លែងក្លាយដែលកើតឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅលើបណ្តាញសង្គម។ ដោយសារតែបញ្ហានេះ ជាបញ្ហាប្រឈមមួយធំ លោកវាគ្មិនបានឲ្យជាយោបល់ និងសំណូមពរដល់សាធារណជនទាំងអស់ ឲ្យធ្វើការវិនិច្ឆ័យ និងព្យាយាមត្រួតពិនិត្យជាមួយប្រភពព័ត៌មានឲ្យបានច្រើន មុននឹងជឿជាក់លើព័ត៌មានណាមួយ។ ហើយការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ទាមទារឲ្យមានការអប់រំឲ្យបានជាប្រចាំ ចំពោះអ្នកសរសេរព័ត៌មានដែលមិនមានវិជ្ជាជីវៈ និងការអនុវត្តផ្លូវច្បាប់ចំពោះសារព័ត៌មានទាំងឡាយណាដែលមានបំណងផ្សព្វផ្សាយបំផ្លើស នឹងប៉ះពាល់ដល់ប្រយោជន៍សង្គម។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងបញ្ជ្រាបនូវគុណតម្លៃនៃព័ត៌មាន ក្រមសីលធម៌ និងតួនាទីស្នូលរបស់អ្នកសារព័ត៌មានខ្លួនឯង ក្នុងការសរសេរព័ត៌មាន និងយល់ដឹងបន្ថែមអំពីការសរសេរព័ត៌មាន៕.

អត្ថបទ៖ San Sreynich