សម្ដេច ហ៊ុន សែន បន្តកាត់ប្រាក់បៀវត្ស៧ខែទៀត ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ប្រកាសបន្តកាត់ប្រាក់បៀវត្សទាំងអស់ក្រោយបង់ពន្ធរយៈពេល៧ខែទៀត គិតចាប់ពីខែកុម្ភៈ ដល់ខែសីហា ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចហ៊ុន សែន ថ្លែងថា៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយបង់ពន្ធជូនរដ្ឋរយៈពេល ៧ខែ ជូនក្រសួងសុខាភិបាល។»

ខណៈជំងឺកូវីដកំពុងបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក សម្ដេចនាយករដ្ឋមន្ត្រី ប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយបង់ពន្ធរយៈពេល ៧ខែបន្ថែមទៀត ដែលមានចំនួនទឹកប្រាក់សរុបជិត៦៤លានរៀល ជូនក្រសួងសុខាភិបាល​។ សម្ដេច ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩សរុប ៤៦០នាក់ ក្នុងនោះមានស្រី១៥៧នាក់ និងបុរស៣០៣។ ក្រសួងសុខាភិបាលថា អ្នកឆ្លងភាគច្រើន មួយរយៈចុងក្រោយនេះ គឺពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

ដោយស្ថានភាពជំងឺកូវីដ-១៩ ហាក់មានការផ្ទុះឡើងខ្លាំង សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ បានបញ្ជាក់ថា កម្ពុជាយល់ព្រមទទួលយកជំនួយវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម) របស់ប្រទេសចិន ចំនួន​១លានដូស បើទោះបីជាវ៉ាក់សាំងនេះ ពុំទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកយ៉ាងក៏ដោយ។

ក្នុងការសម្រចចិត្តទទួលយកវ៉ាក់សាំងរបស់ចិន (ស៊ីណូហ្វាម) នេះ សម្ដេចនាយករដ្ឋមន្រ្តី បានរំលេចឡើងថា៖«រដ្ឋាភិបាលមិនអាចរងចាំរហូតដល់អង្គការសុខភាពពិភពលោក ទទួលស្គាល់វ៉ាក់សាំងណាមួយជាផ្លូវការបានឡើយ ពីព្រោះករណីវិជ្ជមានកូវីដ-១៩ នៅតែបន្តកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ជាក់ស្ដែង យើងចាំបាច់ទទួលយកវ៉ាក់សាំងរបស់ចិនមកប្រើប្រាស់។»

សម្ដេច បន្ថែមទៀតថា ស៊ីណូហ្វាម មានសុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រទេសចិន ដោយក្នុងនោះ សូម្បីរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងប្រធានាធិបតី­­­­ឥណ្ឌូនេស៊ី Joko Widodo ក៏បានចាក់វ៉ាក់សាំង ស៊ីណូហ្វាមនេះដែរ៕

ដោយ៖ Ngay Nai