ព្រះមហាក្សត្រថ្វាយព្រះរាជសារអបអរសាទរ លោក ចូ បៃឌិន
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានថ្វាយព្រះរាជសារអបអរសាទរលោក ចូ បៃឌិន ដែលស្បថចូលកាន់តំណែងជាផ្លូវការ ក្នុងនាមប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។
ក្នុងព្រះរាជសារដែលថ្វាយជូនលោកប្រធានាធិបតីអាមេរិក ព្រះអង្គទ្រង់មានព្រះបន្ទូលថា៖ «តាមរយៈការបោះឆ្នោតដោយរលូននិងជាប្រវត្តិសាស្ត្រ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងជូនពរឯកឧត្តមក្នុងឱកាសឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ទទួលជោគជ័យលើការដឹកនាំប្រទេស។»
បន្ថែមពីនេះ ព្រះអង្គទ្រង់មានព្រះបន្ទូលទៀតថា៖«ខ្ញុំមានជំនឿមុតមាំថា ឯកឧត្តមនឹងនាំមកនូវការដឹកនាំក៏ដូចជាគម្រូល្អ ដើម្បីលើកទឹកចិត្ត និងជំរុញពលរដ្ឋអាមេរិកឱ្យបន្តឈរលើភាពយុត្តិធម៌ សន្តិភាព ការរួបរួម និងភាពចម្រើនទៅមុខ។»
គួរបញ្ជាក់ថា ដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ និងកុបកម្មនៅវិមានកាពីតូលកាលពីខែមុនបង្កឡើងដោយអ្នកគាំទ្ររបស់លោកត្រាំ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលើកនះ មិនអាចរៀបចំក្នុងទ្រង់ទ្រាយធំដូចរាល់ដងបានទេ។ ពោលអ្នកចូលរួមមានតែបុគ្គលសំខាន់ៗប៉ុណ្ណោះ ហើយស្ថិតក្រោមការយាមល្បាតយ៉ាងតឹងរុឹងពីសំណាក់កងទ័ពប្រមាណ ២៥,០០០នាក់។
ម្យ៉ាងវិញទៀត ដូចដែលបានលើកឡើងកាលពីប៉ុន្មានសប្ដាហ៍មុន លោក ត្រាំ ពុំបានចូលរួមនៅក្នុងពិធីផ្ទេរអំណាចទៅឱ្យរដ្ឋបាលរបស់លោក បៃឌិន ឡើយ ដោយ លោកបន្តចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត។ នេះគឺជាលើកទីមួយហើយគិតចាប់ពីឆ្នាំ១៨៦៩មក ដែលអ្នកចាញ់ឆ្នោតមិនព្រមចូលរួមក្នុងពិធីផ្ទេរអំណាចជូនរដ្ឋបាលថ្មី។
ដោយ៖ Nhean Vipheavy
កែសម្រួលដោយ៖ Ngay Nai
រូបភាព៖ Royal du Cambodge