ពិធីស្បថចូលកាន់តំណែងរបស់ លោក ចូ បៃឌិន ខុសប្លែកស្ទើរតែទាំងស្រុងទៅនឹងប្រធានាធិបតីមុនៗ
សហរដ្ឋអាមេរិក៖ ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃឌិន ប្រធានាធិបតីទី៤៦ មកពីបក្សប្រជាធិបតេយ្យ បានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃពុធ ម៉ោងនៅក្នុងសហរដ្ឋអាមេរិក នៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ តាមការសង្កេតជាក់ស្ដែង គេឃើញថា ពិធីស្បថចូលកាន់តំណែងលើកនេះ មានលក្ខណៈខុសប្លែកស្ទើរតែទាំងស្រុង ទៅនឹងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមុនៗ។
ដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ និងកុបកម្មនៅវិមានកាពីតូលកាលពីខែមុនបង្កឡើងដោយអ្នកគាំទ្ររបស់លោកត្រាំ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលើកនះ មិនអាចរៀបចំក្នុងទ្រង់ទ្រាយធំដូចរាល់ដងបានទេ។ ពោលអ្នកចូលរួមមានតែបុគ្គលសំខាន់ៗប៉ុណ្ណោះ ហើយស្ថិតក្រោមការយាមល្បាតយ៉ាងតឹងរឹុងពីសំណាក់កងទ័ពប្រមាណ ២៥,០០០នាក់។
ម្យ៉ាងវិញទៀត ដូចដែលបានលើកឡើងកាលពីប៉ុន្មានសប្ដាហ៍មុន លោក ត្រាំ ពុំបានចូលរួមនៅក្នុងពិធីផ្ទេរអំណាចទៅឱ្យរដ្ឋបាលរបស់លោក បៃឌិន ឡើយ ដោយ លោកបន្តចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត។ នេះគឺជាលើកទីមួយហើយគិតចាប់ពីឆ្នាំ១៨៦៩មក ដែលអ្នកចាញ់ឆ្នោតមិនព្រមចូលរួមក្នុងពិធីផ្ទេរអំណាចជូនរដ្ឋបាលថ្មី។
ក្នុងតំណែងជាប្រធានាធិបតីថ្មី លោក ចូ បៃឌិន នឹងត្រូវប្រឈមមុខនឹងវិបត្តិធំៗដែលកំពុងកើតមាននៅសហរដ្ឋអាមេរិក។ ក្នុងនោះ វិបត្តិកូវីដ-១៩ ការស្ដារលទ្ធិប្រជាធិបតេយ្យ និងការបែកបាក់នៅក្នុងសង្គមអាមេរិក គឺជាបញ្ហាចម្បងដែលរដ្ឋបាលថ្មីត្រួវចាំបាច់ដោះស្រាយជាបន្ទាន់៕
រូបភាព៖ dallasnews
ដោយ៖ San Sreynich
កែសម្រួល៖ Ngay Nai