ត្រាំ ចាកចេញពីសេតវិមាន មុនលោក បៃឌិន ស្បថចូលកាន់តំណែងជាផ្លូវការ


ក្រោយកាន់តំណែងរយៈពេលបួនឆ្នាំ លោកប្រធានាធិបតីផុតអាណត្តិ ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃពុធ បានចាកចេញពីសេតវិមាននៅថ្ងៃចុងក្រោយ ក្នុងនាមជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក មុនការស្បថចូលកាន់តំណែងជាផ្លូវការរបស់ ​​លោក ចូ បៃឌិន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១នេះ។

លោក ត្រាំ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីថ្លែងសុន្ទរកថាចុងក្រោយរបស់លោកនៅឯសេតវិមាន មុនធ្វើបន្តដំណើរទៅកាន់រដ្ឋ Florida។

ដូចដែលបានលើកឡើងកាលពីប៉ុន្មានសប្ដាហ៍មុន លោក ត្រាំ នឹងមិនចូលរួមពិធីចូលរួមផ្ទេរអំណាចឱ្យរដ្ឋបាលរបស់លោក បៃឌិន ឡើយ ដោយលោកបន្តចោទថា មានការលួចបន្លំសន្លឹកឆ្នោត។ វាគឺជាលើកទីមួយហើយ គិតចាប់ពី១៨៦៩មក ក្នុងប្រវត្តិសាស្រ្តនយោបាយអាមេរិក ដែលបេក្ខជនចាញ់ឆ្នោត មិនចូលរួមក្នុងពិធីផ្ទេរអំណាចទៅឱ្យរដ្ឋបាលថ្មី។

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ លោក Biden នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅពេលថ្ងៃត្រង់ (ម៉ោង ៥ ល្ងាចនៅទីក្រុងវ៉ាស៊ីនតោន) ក្រោមការយាមកាមយ៉ាងតឹងរុឹងពីសំណាក់កងទ័ពប្រមាណ ២៥, ០០០នាក់។ ការរៀបចំបែបនេះ ​​គឺដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម ក្រោយមានកុបកម្មនៅវិមានកាពីតូលកាលពីខែមុន បង្កឡើងដោយអ្នកគាំទ្ររបស់លោកត្រាំ។

ក្រៅតែពីការឡើងកាន់អំណាចជាផ្លូវការរបស់លោក បៃឌិន បេក្ខភាពអនុប្រធានាធិបតី លោកស្រី Kamala Harris ក៏ត្រូវបានគេចាប់អារម្មណ៍ច្រើនដែរ ពីព្រោះ នេះជាប្រវត្តិសាស្ត្រថ្មីរបស់អាមេរិក ដែលមានអនុប្រធានាធិបតីជាស្រ្តី៕

ប្រភព៖ BBC

រូបភាព៖ flickr

ដោយ៖ San Sreynich

កែសម្រួល៖ Ngay Nai