លោក ហ៊ុន ម៉ានី ដឹកនាំ ប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ត្រួតពិនិត្យគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ


ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគ្រឹះស្ថានអប់រំមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាននូវការអនុវត្តគោលការណ៍ ប្រតិបត្តិ ស្ដង់ដា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានថ្លែងថា “គណៈគ្រប់គ្រងសាលា និងបុគ្គលិកសិក្សាទាំងអស់ បានបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ ក្នុងការចូលរួម អនុវត្ត ផ្សព្វផ្សាយ និងរៀបចំបាននូវលក្ខណៈងាយស្រួល ដល់សិស្សានុសិស្សអាចចាប់ផ្ដើមបវេសនកាលថ្មីប្រកបដោយក្ដីរីករាយ។”

លោក ហ៊ុន ម៉ានី បន្ថែមទៀតថា៖ យើងបានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជាស្រេច ដើម្បីសម្របខ្លួនទៅនឹងគន្លងថ្មីនៃវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានេះ ​​ប្រធានគណៈកម្មការរូបនេះ បានឱ្យដឹងថា គណៈកម្មការទី៧នៃរដ្ឋសភា នៅតែបន្តគាំទ្រ និងចុះពិនិត្យដល់មូលដ្ឋានជាក់ស្ដែង ដើម្បីលើកទឹកចិត្ត និងផ្ដល់យោបល់ដល់គ្រឹះស្ថានសិក្សាទំាងអស់នោះ។ លោក បន្តថា ​យើងចាំចាច់ត្រូវធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ថ្នាក់ជាតិលើវិស័យអប់រំ ស្របតាមបរិបទសកល ជាពិសេសការវិវត្តន៍នៃបដិវត្តន៍ឧស្សាហកម្មជំហានទី៤៕

ដោយ៖ San Sreynich

កែសម្រួលដោយ៖ Ngay Nai

រូបភាព៖ គណៈកម្មការទី៧ នៃរដ្ឋសភា