លោក ដូណាល់ ត្រាំ ប្រកាសមិនចូលរួមការជជែកដេញដោលប្រធានាធិបតី ដោយជឿជាក់លើសំឡេងនាំមុខរបស់គាត់លើដៃគូប្រកួតប្រជែង


លោក ដូណាល់ ត្រាំ បានថ្លែងឱ្យដឹងថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោល ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនោះទេ ដោយបានលើកហេតុផល យ៉ាងដូច្នេះថា ប្រជាជនអាមេរិកបានស្គាល់រូបគាត់ច្បាស់ហើយ ដូច្នេះមិនចាំបាច់មានការបង្ហាញ ជាសាធារណៈជាមួយគូប្រជែងរបស់គាត់ឡើយ។

ការសម្រេចបែបនេះ ធ្វើឡើងក្រោយលទ្ធផលនៃការស្ទង់មតិចុងក្រោយបានបង្ហាញថា គាត់កំពុងនាំមុខអ្នកផ្សេងទៀតហើយឈានទៅក្លាយជាបេក្ខភាពរបស់គណបក្ស សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ និងត្រូវប្រជែងជាមួយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យ ការស្ទង់មតិរបស់ CBS បានបង្ហាញថា លោក ដូណាល់ត្រាំ គឺជាបេក្ខជនដែលទទួលបានការពេញចិត្តចំនួន៦២% នៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋជាមួយនឹងគូប្រជែងជិតស្និទ្ធបំផុតរបស់គាត់គឺអភិបាលរដ្ឋ Florida លោក Ron DeSantis មាន១៦% ។ បេក្ខជនផ្សេងទៀតទាំងអស់នៅក្នុងការប្រណាំងបឋមមានការគាំទ្រតិចជាង១០% ។

អតីតប្រធានាធិបតី ដែលមានអាយុ៧៧ឆ្នាំរូបនេះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “សាធារណជនដឹងហើយថាខ្ញុំជានរណា និងអ្វីដែលប្រធានាធិបតីដ៏ជោគជ័យម្នាក់មាន”។

គួរបញ្ជាក់ថា ការជជែកដេញដោលប្រធានាធិបតី លើកដំបូងរបស់គណបក្សសាធារណរដ្ឋ  នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហាខាងមុខ ខណៈការជជែកដេញដោលលើកទី២ អាចកើតឡើងនៅថ្ងៃបន្ទាប់ ហើយយ៉ាងហោចណាស់អាចមានការជជែកដេញដោលគ្នាពីរបន្ថែមទៀត ដែលត្រូវបានរំពឹងទុកនៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ។

ដោយឡែក ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ នឹងចាប់ផ្តើមក្នុងរដ្ឋ Iowa នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤៕

ប្រភព: REUTERS