|

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ចាប់ផ្ដើមបើកទំព័រនាថ្ងៃនេះហើយ!


នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ជាពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ នឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភានឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅធ្វើពិធីសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្រមហាក្សត្រ នៅព្រះបរមរាជវាំង ដែលមានវត្តមានតំណាងរាស្ត្រជាប់ ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូប រួមទាំងភ្ញៀវកិត្តិយសឥស្សរជនជាន់ខ្ពស់ អង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀតយាង និងអញ្ជើញចូលរួម។

ដោយឡែក សម្រាប់កម្មវិធីថ្ងៃស្អែក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងធ្វើការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា ដែលរួមមានប្រធាន អនុប្រធាន រដ្ឋសភា, ប្រធាន អនុប្រធាន គណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលអាណត្តិថ្មី។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់នេះ គឺជាសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ ដែលត្រូវបានប្រារព្ធឡើងតាមការគ្រោងទុក បន្ទាប់ពីកម្ពុជាបានរៀបចំប្រកបដោយជោគជ័យក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។