បក្សប្រជាធិបតេយ្យ ចង់ឱ្យសភាបញ្ចប់តំណែងលោក ត្រាំ មុនអាណត្តិ


សហរដ្ឋអាមេរិក៖ បក្សប្រជាធិបតេយ្យលើកឡើងនូវមាត្រាច្បាប់ស្ដីពីការចោទប្រកាន់ ដើម្បីប្រឆាំងនឹងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលបានបំផុសបំផុលឱ្យអ្នកគាំទ្ររបស់លោក រារាំងការបោះឆ្នោតទទួលស្គាល់លោក បៃឌិន ជាផ្លូវការនៅវិមានកាពីតូលកាលពីសប្ដាហ៍មុន។

មាត្រាច្បាប់ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ចោទប្រកាន់លោក ត្រាំ ពីបទ«ញុះញង់ឱ្យមានការបះបោរ»។

សមាជិកតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យនិយាយថា៖ ការបោះឆ្នោតលើមាត្រានេះនឹងបន្តទៅមុខទៀត នៅថ្ងៃពុធ លើកលែងតែអនុប្រធានាធិបតីលោក Mike Pence អំពាវនាវដល់អំណាចរដ្ឋធម្មនុញ្ញដើម្បីដកលោក ត្រាំ ចេញពីតំណែង។ ប៉ុន្តែលោក Pence ត្រូវបានគេជឿជាក់ថា មិនបានយល់ស្របនឹងគំនិតនេះទេ។

តំណាងបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi និយាយថា៖ «ប្រធានាធិបតីបាននាំមកនូវការគំរាមគំហែងដល់រដ្ឋធម្មនុញ្ញ និងប្រជាជនអាមេរិក ដូច្នេះលោកគួរតែចេញពីតំណែងជាបន្ទាន់។»

គួរបន្ថែមថា ការអំពាវនាវឱ្យមានការលាឈប់ពីតំណែង ឬបទចោទប្រកាន់ទៅលើលោក ត្រាំ បានកើនឡើងក្នុងចំណោមតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ក៏ដូចជាបក្សសាធារណរដ្ឋមួយចំនួនផងដែរ នៅប៉ុន្មានថ្ងៃបន្ទាប់ពីមានកុបកម្មនៅវិមានកាពីតូល ដែលបណ្ដាលឱ្យមានមនុស្ស៥នាក់បានស្លាប់ ក្នុងនោះ ៤នាក់ជាអ្នកគាំទ្រលោក ត្រាំផ្ទាល់។

យ៉ាងណាក្ដី សេតវិមានបានច្រានចោលការចោទប្រកាន់នេះ ថាជាការជំរុញផ្នែកនយោបាយ។ ខណៈ លោក ត្រាំ មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយឡើយ ចាប់តាំងពីលោកត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរហូតដល់ផុតអាណត្តិ ក្រោមហេតុផលសន្តិសុខជាតិ។

តាមការគ្រោងទុក លោក ត្រាំ នឹងចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីលោក ចូ បៃឌិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីបន្ត។ លោក ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃឌិន ឡើយ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ២ ហើយ ដែលក្រុមអ្នកប្រជាធិបតេយ្យបានលើកឡើងនូវការ ចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី ត្រាំ នៅក្នុងសភាតំណាងរាស្ត្រដែលជាសភាថ្នាក់ក្រោម។

នៅខែធ្នូឆ្នាំ ២០១៩ សភាបានចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាច និងរារាំងសភា។ ប៉ុន្តែព្រឹទ្ធសភាបានលើកលែងទោសទាំងពីរនោះកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយឈរលើអំណះអំណាងថា គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានចោទប្រកាន់ពីរដងនោះទេ។

យ៉ាងណាក៏ដោយ ក្តីរំពឹងនៃការផ្តន្ទាទោសការចោទប្រកាន់ គឺមិនទំនងនឹងទៅរួចនោះទេ ដោយសារតែមានការគាំទ្រលោក ត្រាំ យ៉ាងទូលំទូលាយ នៅក្នុងជួរគណបក្សសាធារណរដ្ឋ៕

រូបភាព៖ BCC

និពន្ធដោយ៖ San Sreynich

កែសម្រួលដោយ៖ Ngay Nai