|

តម្លៃទីផ្សារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម វ៉ាដាច់ក្រុមហ៊ុន Ford និងVolkswagen ក្នុងរយៈពេលដ៏ខ្លី


ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់វៀតណាមបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការកើនឡើងនៃតម្លៃទីផ្សាររបស់ខ្លួនលើសពីក្រុមហ៊ុនយក្សមួយចំនួនដូចជា Volkswagen និង Ford ។ VinFast បានកើនឡើង២២៥% ដែលធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងរហូតដល់ ៨៥ ពាន់លានដុល្លារ ដែលតម្លៃនេះច្រើនជាងក្រុមហ៊ុន Ford (៤៨ពាន់លានដុល្លារ) ក្រុមហ៊ុន General Motors (៤៥ពាន់លានដុល្លារ) និងChrysler Stellantis (៣១ពាន់លានដុល្លារ) ។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន VinFast លោក Pham Nhat Vuong គឺជាមហាសេដ្ឋីមួយរូបនៅវៀតណាម និងជាអ្នកកាន់កាប់ប្រហែល៩៩ ភាគរយនៃក្រុមហ៊ុន។ ការចាប់ផ្តើមទីផ្សារដ៏អស្ចារ្យនេះ បានធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនបុរសអាយុ៥៥ ឆ្នាំរូបនេះ មានការកើនឡើង៣៩ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

លោក Pham Nhat Vuong មហាសេដ្ឋីមួយរូបរបស់វៀតណាម

យ៉ាងណាមិញ ការនាំចេញដំបូងរបស់ VinFast ទៅកាន់សហរដ្ឋអាមេរិកត្រូវបានទទួលការរិះគន់។ នាយកប្រតិបត្តិ Le Thi Thu Thuy បានឱ្យដឹងថា «យើងទទួលបានភាពអវិជ្ជមានមួយចំនួន ប៉ុន្តែយើងបានបន្តយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យយានយន្តរបស់យើងកាន់តែប្រសើរឡើង”។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រុមហ៊ុន VinFast បាននាំចេញរថយន្តចំនួន ១១,៣០០ គ្រឿងក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នោះគឺជាដំណាក់កាលនៃការប្រកួតប្រជែងដ៏ធំជាមួយដៃគូរបស់ខ្លួនដូចជា Tesla និង BYD ដែលបានចែកចាយរថយន្តចំនួន៨៨៩,០០០ និង១.២៦ លានគ្រឿងរៀងគ្នាក្នុងរយៈពេលដូចគ្នានេះ៕

ប្រភព: Business Insider