|

គ្រូបឋមសិក្សា និងគ្រូមធ្យម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន តាមរយៈគម្រោងថ្មីរបស់ក្រសួងអប់រំ


នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងឯកសារស្តីពីការសិក្សាបែបគម្រោង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មកពី២៥រាជធានី ខេត្ត នាយកវិទ្យាស្ថាន នាយកសាលាគរុកោសល្យរាជធានី ខេត្ត ជាច្រើនរូបទៀត។

ការសិក្សាតាមបែបគម្រោង មានលក្ខណៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.សិស្សធ្វើការសហការអង្កេតជាក្រុម។ ២.ប្រើប្រាស់ការសិក្សាបែបអនុវត្តជាក់ស្តែង។ ៣.ត្រូវការដោះស្រាយបំណិនបញ្ហា។ ៤.លើកកម្ពស់ការសិក្សាស្រាវជ្រាវ។ ៥.មានភាពបទបែន និងចម្រុះមុខវិជ្ជា។ ៦.បង្កើតផលិតផលថ្មីៗ ។

នាក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលបំណងរបស់ ឯកសារនេះគឺជួយដល់គ្រូបឋមសិក្សា និងគ្រូមធ្យមសិក្សាទាំងអស់ ក្នុងការលើកកម្ពស់វិធីសាស្រ្តបង្រៀន ដោយជ្រើសរើសការបង្រៀនតាមរយៈការងារគម្រោង ដែលផ្តល់ឱកាសដល់សិស្ស ក្នុងការសំយោគចំណេះដឹងពីផ្នែកផ្សេងៗ នៃការសិក្សា រួចអនុវត្តនៅក្នុងសកម្មភាពប្រចាំថ្ងៃប្រកបដោយការវិភាគ និងច្នៃប្រឌិត។

នៅក្នុងការសិក្សាបែបគម្រោងនេះ លោកគ្រូ អ្នកគ្រូអាចធ្វើការបង្កើតមេរៀន និងអនុវត្តការងារគម្រោងតាមមុខវិជ្ជារបស់ខ្លួន ដែលសិស្សអាចធ្វើការងារជាក្រុម ដើម្បីបង្កើតផលិតផលចុងក្រោយដូចជា ខិត្តបណ្ណ និងរូបភាព បទបង្ហាញ ក្រាហ្វិក និងរបាយការណ៍ជាដើម។

វិធីសាស្រ្តក្នុងការសិក្សាបែបនេះ ក៏អាចជម្រុញឱ្យសិស្ស មានការរៀនដោយពិតប្រាកដ និងទទួលបាននូវចំណេះដឹង បំណិនទូទៅ និងឥរិយាបថវិជ្ជមាន។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ឯកសារស្តីពីការសិក្សាបែបគម្រោងនេះ នឹងត្រូវបានប្រើប្រាស់ទូលំទូលាយ ជាពិសេស លោកគ្រូ អ្នកគ្រូ នឹងទទួលបាននូវសមត្ថភាពបន្ថែមក្នុងការលើកកម្ពស់វិធីសាស្រ្តបង្រៀន ដើម្បីឱ្យសិស្សទទួលបាននូងការសិក្សាបែបថ្មី និងពិតប្រាកដ៕

ប្រភព: MoEYS