|

ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងពង្រឹងយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍចំណេះដឹងផ្នែកបច្ចេកវិទ្យា (AI) ឲ្យបានទូលំទូលាយ


នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងតាមរយៈបាឋកថាពិសេស ស្ដីពី “បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា»។

ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងពង្រឹងយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍចំណេះដឹង និងបំណិនស្រាវជ្រាវរបស់យុវសិស្សទៅលើបច្ចេកវិទ្យា (AI) ឲ្យបានទូលំទូលាយ។

ឯកឧត្តម បានបន្តថា ក្នុងរបត់សង្គមឌីជីថលដែលឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) អាចគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ចាំបាច់តម្រូវសង្គមនោះសម្បូរទៅដោយយុវជនឌីជីថលដែលឆ្នើម ចេះវិភាគ ថ្លឹងថ្លែងមើលពីគុណប្រយោជន៍ និងគុណវិបត្តិបញ្ញាសិប្បនិម្មិត ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយនេះ និងផ្ដល់ភាពរីកចម្រើនលើគ្រប់វិស័យ។»

សូមជម្រាបថា បាឋកថានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន និងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ លើប្រធានបទ “ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ជាកត្តាគន្លឹះដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា“៕

ប្រភព: MoEYS