|

ការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល


នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានសម្ដែងការអបអរជាមួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ចំពោះក្តីសង្ឈឹមដ៏ប្រាកដប្រជា ជុំវិញនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧របស់កម្ពុជា។ តាមរយៈវិចារណកថាបានរៀបរាប់ថា នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល បន្តបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍របស់ខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមការរំពឹងទុក សមាសភាពភាគច្រើននៃរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជាអ្នកដឹកនាំវ័យក្មេង ពោរពេញដោយកម្លាំង ថាមពល បញ្ញា និងបានឆ្លងកាត់បទពិសោធន៍ការងារក្នុងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងមក។

ទំនុកចិត្ត និងជំនឿជាក់ពីសំណាក់ប្រជាពលរដ្ឋត្រូវបានឆ្លុះបញ្ចាំងតាមរយៈអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% និងលទ្ធផលជាអត្រាគាំទ្រចំនួន ៨២,៣% ដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅ។ ក្នុងន័យនេះ ការរៀបចំសមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី នឹង ជាការគិតគូរប្រកបដោយទស្សនៈវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពស្ថាប័នជាតិ និងសេចក្តីសុខរបស់ប្រជាជន។ គណៈរដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងការប្តេជ្ញាចិត្តខ្ពស់ ពិតជានឹងបន្តកេរដំណែល រក្សាសមិទ្ធផលនានាដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន និងបង្កបង្កើតបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត លើថ្នាលដែលត្រូវបានត្រួសត្រាយបានយ៉ាងល្អរួចហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីការកសាង និងបន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ ក្នុងដំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ឈប់បន្តធ្វើជានាយករដ្ឋមន្ត្រី បើទោះណា សម្តេចតេជោ ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះដាច់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា ២០២៣ ក៏ដោយ។ សម្តេចតេជោ ថែមបានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត (ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជាឯកច័្ឆន្ទ នៅថ្ងៃទី ២៤ ធ្នូ ២០២១ ឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត) នឹងក្លាយជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧តែម្តង។