សម្ដេច ហ៊ុន សែន «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះសារមួយដែលមានខ្លឹមសារថា «ល្ងាចម្សិលម៉ិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។
សម្ដេចបានបន្តថា «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។»
ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់អំពីជំហរផ្ទាល់ខ្លួនជុំវិញបញ្ហានេះថា៖
- ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
- ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
- ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
- ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។