ឈ្វេងយល់ពីភាពខុសប្លែកគ្នា និងអត្ថប្រយោជន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយមានប្រវែងផ្លូវសរុប ១៨៧,០៥គីឡូម៉ែត្រ តួផ្លូវទទឹងប្រវែង ២៤ម៉ែត្រ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៩. ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺរយៈពេលសាងសង់ ៤០ខែ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំណុចចាប់ផ្ដើមនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការសាងសង់បានប្រើទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.។
![](https://media.brandbodia.com/wp-content/uploads/2023/07/IMG_9405-1024x682.jpg)
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីប្រមាណ៥ម៉ោង មក ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មជាដើម។
![](https://media.brandbodia.com/wp-content/uploads/2023/07/IMG_9404-1024x673.jpg)
ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងផ្លូវសរុប៖ ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្ដើមនៅ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងចំណុចបញ្ចប់នៅ ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយការសាងសង់ប្រើរយៈពេល៤៨ខែ។ ការសាងសង់ផ្លូវនេះ គឺសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដោយប្រើទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក។
![](https://media.brandbodia.com/wp-content/uploads/2023/07/IMG_9402.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/07/IMG_9403-1024x682.jpg)
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។ មួយវិញទៀត ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម។
ប្រភព: ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន