|

ថ្នាក់ដឹកនាំវិស័យឯកជនខ្មែរមួយរូប បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកដឹកនាំដែលល្អទាំង៥០ នៅអាស៊ីអាគ្នេយ៍


ថ្មីៗនេះ ទស្សនាវដ្តី  PIE Leadership Digest បានបង្ហាញមុខថ្នាក់ដឹកនាំទាំង៥០រូប ដែលបានជាប់ចំណាត់ថ្នាក់ជាមេដឹកនាំដ៏មានឥទ្ធិពលក្នុងការអប់រំអន្តរជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានថ្នាក់ដឹកនាំខ្មែរមួយរូប ដែលជាអ្នកបម្រើការក្នុងវិស័យឯកជន គឺលោក ម៉ៅ ស្រេង ដែលជានាយកស្ថាប័ន IDP Education (Cambodia) ប្រចាំនៅកម្ពុជា និងជានាយកមជ្ឈមណ្ឌលសម្រាប់ការបណ្ដុះបណ្ដាល(ACE)។

ការឈរលើចំណាត់ថ្នាក់នេះ បានឆ្លុះបញ្ចាំងពីសក្ដានុពលនៃការដឹកនាំក្នុងវិស័យអប់រំអន្តរជាតិរបស់ថ្នាក់ដឹកនាំរូបនេះនៅកម្ពុជា ដោយកន្លងមក តាមរយៈមជ្ឈមណ្ឌល ACE បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញភាសា អង់គ្លេសសម្រាប់សិស្សានុសិស្សកម្ពុជាមន្ត្រីរដ្ឋាភិបាល និងសិស្សនិស្សិតទូទៅគ្រប់កំរិត។ ជាមួយគ្នានេះ ACE បានដើរតួនាទីសំខាន់ក្នុងការផ្តល់ការអប់រំបែបអូស្ត្រាលីទៅកាន់ប្រជាពលរដ្ឋកម្ពុជា។ ជាសមិទ្ធិផលសិស្សានុសិស្សរបស់ ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ខ្លួន ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយត្រឡប់មកបំពេញការងារ ដែលពួកគេពេញចិត្ត បង្កើតអាជីវកម្មនានា និងភ្ជាប់សហគមន៍ក្នុងប្រទេសទៅកាន់សហគមន៍ដទៃទៀតលើពិភពលោក។

សូមជម្រាបថា សាលា ACE ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ១៩៩២ ដោយស្ថាប័ន IDP Education ដែលជា ស្ថាប័នមានភាពឈានមុខគេលើពិភពលោកលើវិស័យអប់រំអន្តរជាតិ និងការសិក្សានៅបរទេស។ លើសពីនេះស្ថាប័ន IDP ក៏បានផ្តល់ការធ្វើតេស្តភាសាអង់គ្លេស IELTS និងការប្រឹក្សាពីការសិក្សានៅបរទេសទៅកាន់ប្រទេសរួមមាន អូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់ផងដែរ។ បច្ចុប្បន្ន ACE មាន ៦ សាខានៅទូទាំងប្រទេស៕