លោកអភិបាលរងវ័យក្មេង នួន ផារ័ត្ន បង្ហាញទឹកចិត្តសប្បាយរីករាយ ដែលបានរួមសុខទុក្ខជាមួយបក្សប្រជាជនកម្ពុជា
ភ្ជាប់ជាមួយរូបភាពនៃស្មារតីក្រុមគ្រួសារបក្សប្រជាជនកម្ពុជា ក្នុងក្បួនដង្ហែរក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហាញទឹកចិត្តដ៏មុះមុតជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដោយការលើកឡើងថា «សប្បាយចិត្តដែលបានរួមសុខ រួមទុក្ខ ជាមួយបងប្អូនទាំងអស់គ្នា!»។ តាមរយៈសកម្មភាពនេះ ជាអ្វីស្របទៅនឹងឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថានឹងនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់។
ក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយនានា បាននឹងកំពុងមមាញឹកក្នុងការផ្សព្វផ្សាយ កៀរគរការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋតាមគ្រប់មូលដ្ឋាន ដើម្បីមានលទ្ធភាពអាចគ្រប់គ្រង ដឹកនាំជាតិ និងប្រជាជនក្នុងអាណត្តិក្រោយនេះ។ ក្នុងនោះ តាមរយៈយុទ្ធនាការឃោសនារយៈពេល២ថ្ងៃកន្លងមក គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា បានបើកការឃោសនាទ្រង់ទ្រាយធំ និងមានសន្ធឹកគាំទ្រយ៉ាងខ្លាំងទាំងនៅរាជធានី និងបណ្ដាស្រុក ឃុំ តាមខេត្ត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជួរមុខគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងដឹកនាំសមាជិកសមាជិកា បក្ស ចូលរួមក្បួនដង្ហែរយុទ្ធនាការយ៉ាងផុសផុល និងប្រព្រឹត្តទៅដោយរលូន សន្តិភាព និងប្រកបដោយសណ្ដាប់ធ្នាប់ល្អ។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕