ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែកម្ពុជាអាចពង្រីកកិត្យានុភាពយ៉ាងត្រចះត្រចង់តាមរយៈភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា
ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពិភពលោកបាន និងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ក៏ដូចជាបញ្ហាសន្តិសុខសង្គមផងដែរ។ យ៉ាងណាមិញ ក្នុងកាលៈទេស់ដ៏លំបាកនេះ កម្ពុជាបែរជាអាចសាងនូវកេរ្ត៍ឈ្មោះ កិត្តិយស ឱ្យរីកសុះសាយក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក និងនាំយកកំណត់ត្រាថ្មីដ៏ត្រចះត្រចង់សម្រាប់កម្ពុជាលើវិស័យកីឡា ក៏ដូចជារំលេចលើទិដ្ឋភាពចម្រុះនៃសិល្បៈ វប្បធម៌ និងពង្រឹងសាមគ្គីភាពដ៏ស្និទ្ធស្នាលបំផុតរវាងប្រជាជាតិអាស៊ាន។
ភាពជោគជ័យទាំងនេះពុំមែនជាកត្តាចៃដន្យនោះទេ។ តើអ្វីខ្លះជាកត្តាសំខាន់ៗជំរុញឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ?
ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងខ្លាំងលើភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា។ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គឺជាការគិតគូលើសពីព្រឹត្តិការណ៍កីឡា និងពុំធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេមកន្លងមក ដែលរួមបញ្ចូលទាំងការរៀបចំទីតាំង បដិសណ្ឋារកិច្ច និងការផ្សារភ្ជាប់លើទិដ្ឋភាពនានា ដោយបានធ្វើឱ្យកពុជាបានពង្រីកកកិត្យានុភាពរបស់ខ្លួនចេញពីព្រឹត្តិការណ៍មួយនេះគួរជាទីមោទកៈ។ អ្វីដែលលើសពីការរំពឹងទុក គឺគណៈប្រតិភូបរទេសបានស្នើឱ្យប្រទេសជាសមាជិក យកគំរូតាមកម្ពុជា លើការរៀបចំមណ្ឌលព័ត៌មាន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកក្រោយៗ។ នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កម្លាំងសាមគ្គីភាពតាំងពីថ្នាក់លើដល់ក្រោម៖ ថ្នាក់ដឹកនាំបានផ្ដល់ការយកចិត្តទុកដាក់ខ្លាំងចំពោះអត្តពលិកពិការរបស់កម្ពុជាគ្រប់កាលៈទេសៈមិនថាលទ្ធផលឈ្នះ ឬចាញ់។ ដំណើរការប្រកួតរយៈពេលជាច្រើនថ្ងៃទាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់អត្តពលិកកម្ពុជា។ វត្តមានរបស់ប្រធានប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា បានបង្ហាញកាយវិការនៃការសាទរ និងផ្ដល់ការលើកទឹកចិត្តដល់អត្តពលិកគ្រប់រូបយ៉ាងកក់ក្ដៅ។ ជាមួយគ្នានេះ សាធារណជនគ្រប់មជ្ឈដ្ឋានបានរួមគ្នាផ្ដល់ជាកម្លាំងចិត្តតាមរយៈសំឡេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងនៅតាមទីតាំងប្រកួត។
អត្តពលិក៖ កីឡាករ កីឡាការនី រួមទាំងអត្តពលិកទាំងអស់ហាក់ទទួលបានអារម្មណ៍កក់ក្ដៅ ដែលកម្ពុជាខ្លួនឯងជាម្ចាស់ផ្ទះ។ ជាមួយនឹងការយកចិត្តទុកដាក់ មើលថែ ការលើកទឹកចិត្ត និងការឧបត្ថម្ភ ជាកត្តាជំរុញឱ្យអត្តពលិកគ្រប់រូបខំប្រឹងអស់ពីសមត្ថភាព ប្រយុទ្ធដ៏អង់អាចក្នុងនាមជាអ្នកតំណាងឱ្យកម្ពុជារហូតទទួលបានជោគជ័យ។ ជាក់ស្ដែង អត្តពលិកពិការ កម្ពុជាជាច្រើនរូបក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំថា បើទោះបីជាពួកគាត់ពិការកាយសប្បទា តែមិនពិការបេះដូងនោះទេ។ ពួកគាត់ បានទម្លាក់ចុះនូវពិការភាព ហើយខិតខំនាំជោគជ័យសម្រាប់ខ្លួនឯង និងដើម្បីបុព្វហេតុជាតិ។
នេះជាកត្តាស្នូលដែលកំណត់ភាពជោគជ័យដ៏ល្អប្រសើរ។ យ៉ាងណាមិញនៅមានកត្តារួមផ្សំនៃបណ្ដាអ្នកពាក់ព័ន្ធ ដែលបានរួមចំណែកសម្របសម្រួលប្រកបដោយការទទួលខុសត្រូវក្នុងស្មារតីជាតិនិយម។ សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ សុទ្ធសឹងបានបំបែកកំណត់ត្រាចាស់ៗក្នុងការប្រកួតរបស់កម្ពុជាទាំងចំនួនមេដាយ និងបញ្ជ្រាបពីគុណតម្លៃនៃសន្តិភាពរបស់កម្ពុជា ដែលបង្កលក្ខណៈឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕