សញ្ញាវិជ្ជមានមួយបានកើតឡើងជាថ្មី! កម្ពុជា ចាប់ផ្ដើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ហើយ ក្នុងកម្រិតទ្វេភាគី
កាលពីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំពីអន្តរក្រសួង-ស្ថាប័ន ប្រធានក្រុមចរចា និងតំណាងក្រុមការងារចរចា នៃប្រទេសទាំងពីរសរុបប្រមាណ ៤០ រូប។
ការចរចាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ បានដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។
ដំណើរការចរចាបានប្រព្រឹត្តទៅចំនួន ៣ជុំ ដែលការចរចាជុំទី១ បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអេមីរ៉ាតអារ៉ាប់រួម និងជុំចុងក្រោយនៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម, ជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។
ដោយអនុលោមតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៃភាគីទាំងពីរ សមិទ្ធិផលដ៏ធំធេងនេះ នឹងកា្លយជាកម្លាំងចលករក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំង ប្រកបដោយសក្តានុពលនិងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា។ ការណ៍នេះដែរ នឹងជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល។
បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីផ្ទៃក្នុងបន្ត ដើម្បីបំពេញនីតិវិធីផ្ទៃក្នុងនិងស្នើសុំសច្ចាប័នលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា៖ កិច្ចព្រមព្រៀង Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២៕
ប្រភព: Ministry of commerce