កម្ពុជា-ថៃ ចាប់ផ្តើមដំណាក់កាលទី២ នៃការទូទាត់កូដ QR ឆ្លងដែន
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា-ថៃបានបើកដំណើរការដំណាក់កាលទី២ នៃការទូទាត់កូដ QR ឆ្លងដែន ដែលនឹងអនុញ្ញាតឱ្យជនជាតិថៃអាចទិញទំនិញនៅកម្ពុជា ដោយប្រើប្រាក់បាតថៃបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា (NBC) លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនៅរាជធានីភ្នំពេញ។
ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់កូដ QR ឆ្លងដែនមានគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងការរួមបញ្ចូលហិរញ្ញវត្ថុ ជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍នៃប្រទេសទាំងពីរ។
ជាដំណាក់កាលទីមួយនៃគម្រោងនេះ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមរយៈកម្មវិធីទូរស័ព្ទចល័ត ដោយស្កែន QR កូដនៅអាជីវករលក់រាយក្នុងប្រទេសថៃ និងនៅដំណាក់កាលទីពីរ បានចាប់ផ្តើមនៅថ្ងៃទី ៦ខែមិថុនានេះ។
គួរបញ្ជាក់ថា ធនាគារកណ្តាលនៃប្រទេសជិតខាងទាំងពីរបានធ្វើការជាមួយគ្នាតាំងពីឆ្នាំ ២០១៨ ដើម្បីបង្កើតកម្មវិធីទូទាត់ QR code ក្នុងគោលបំណងអនុញ្ញាតឱ្យប្រជាជនធ្វើការទិញទំនិញនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកដោយប្រើរូបិយប័ណ្ណនៃប្រទេសរបស់ពួកគេ។ ជាមួយនឹងកម្មវិធីនេះ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់ប្រាក់រៀលដើម្បីទិញទំនិញនៅក្នុងប្រទេសថៃ ខណៈដែលជនជាតិថៃដែលធ្វើដំណើរក្នុងប្រទេសកម្ពុជានឹងអាចបង់ប្រាក់ជាប្រាក់បាតបានដូចគ្នា។ អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ QR code នឹងត្រូវតម្រូវឲ្យមានគណនីធនាគារជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ។
ប្រភព: VNA