ឯកឧត្តមននួន ផារ័ត្ន «គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ គឺជាគម្រោងមួយដែលមានតម្លាភាព និងឆ្លើយតបជាមួយតម្រូវការជាក់ស្តែងនៅមូលដ្ឋាន»
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បាមអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដា្ឋនគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ ដាក់លូមូលរំដោះទឹកប្រវែង ៦០៧ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ដែលស្ថិតនៅផ្លូវលំ ក្រុម១ និង ក្រុម២ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ថា គម្រោងនេះ គឺជាគម្រោងមួយដែលមានតម្លាភាព និងឆ្លើយតបជាមួយតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ស្របជាមួយការមួយការលើកឡើងនេះ ឯកឧត្តមបានស្នើសុំឱ្យក្រុមហ៊ុនទទួលការនេះ យកចិត្តទុកដាក់ទាំងលើគុណភាព ធានាបាននូវសោភ័ណភាព និងមានការទទួលខុសត្រូវខ្ពស់ ជាមួយបងប្អូនប្រជាពលរដ្ឋ ហើយសហការជាមួយការិយាល័យសាធារណការខណ្ឌ ក៏ដូចជាផ្តល់កិច្ចសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ ដែលនឹងតាមដានការងារដាក់លូរំដោះទឹកនេះ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើបងប្អូនប្រជាពលរដ្ឋ មេត្តាផ្តល់ការយោគយល់អធ្យាស្រ័យ ចំពោះផលរំខាន នៅក្នុងអំឡុងពេលនៃការដ្ឋាន និងរួមគ្នាថែទាំមូលដ្ឋានរបស់បងប្អូន ដើម្បីផលប្រយោជន៍ និងសុខុមាលភាពរួមទាំងអស់គ្នា៕
ប្រភព: Nuon Pharath