| |

ឯកឧត្តម នួន ផារ័ត្ន អំពាវនាវឱ្យមានការយកចិត្តទុកដាក់លើកិច្ចការចំនួន ៣ ធំៗ ដើម្បីធានាប្រសិទ្ធភាពនៃការអប់រំក្នុងរាជធានីភ្នំពេញ


ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់លោក-លោកស្រីជាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់នៅក្នុងរាជធានីភ្នំពេញ សូមបន្តយកចិត្តទុកដាក់លើការងារចំនួន ៣ រួមមាន៖ ការគ្រប់គ្រងបញ្ហាក្មេងទំនើង ការលើកកម្ពស់បរិស្ថានសាលារៀន និងទប់ស្កាត់បញ្ហាភាពអសកម្មនានា ដោយត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយអាជ្ញាធរនៅមូលដ្ឋាន ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមជាអធិបតីក្នុង «ពិធីបើកសន្និបាតអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ» នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

កន្លងមក ក្រសួងអប់រំយុវជន និងកីឡា បានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរនៅតាមមូលដ្ឋាន ក្នុងការស្ដារ និងអភិវឌ្ឍវិស័យអប់រំ ឱ្យមានការរីកចម្រើនស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ការស្នើឱ្យពង្រឹងលើការងារអាទិភាពទាំងបី ស្របតាមអនុសាសន៍របស់ឯកឧត្តម អភិបាលរង គឺជាកត្តាគន្លឹះ ក្នុងការបន្តការចូលរួមពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់បុរេសកម្ម ក៏ដូចជាធានាបាននូវការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនេះផ្ទាល់។

ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់លោក-លោកស្រីជាគណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាទាំងអស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានសហការ និងគាំទ្រដល់ដំណើរការសិក្សាអប់រំ នៅរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងការផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងបរិយាប័ន្ន៕