កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាងពាក់កណ្ដាលហើយឲ្យជាសះស្បើយគិតត្រឹមថ្ងៃនេះ
ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ជិតពាក់កណ្ដាលហើយត្រូវបានគេព្យាបាលឲ្យជាសះស្បើយ និងមានសុខភាពល្អឡើងវិញ គិតត្រឹមថ្ងៃនេះ (០៦ ខែមេសា ២០២០)។
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះបានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ចំនួនបីនាក់បន្ថែមទៀតត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីធ្វើតេស្តឃើញថាអវិជ្ជមានកូវីត១៩ចំនួន២លើក។
អ្នកជំងឺកូវីដទាំងបីនាក់នោះសុទ្ធសឹងតែជាបុរសជនជាតិម៉ាឡេស៊ី ដែលមានអាយុ៣៩ឆ្នាំម្នាក់ អាយុ២៦ឆ្នាំម្នាក់ និងអាយុ៤០ឆ្នាំម្នាក់។
គួរបញ្ជាក់ផងដែរថាបុរសទាំងបីនាក់នោះ ជាអ្នកធ្វើការផ្សព្វផ្សាយខាងសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមកន្លងមក។
ដោយសរុបត្រឹមថ្ងៃនេះមានអ្នកជំងឺសរុបចំនួន៥៣នាក់ហើយ ឬស្មើនឹងពាក់កណ្ដាលនៃអ្នកជំងឺទាំងអស់១១៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកជំងឺទាំង៥៣នាក់ដែលជាសះស្បើយនោះមាន បុរសជនជាតិចិន១នាក់ ជនជាតិអង់គ្លេសចំនួន៣នាក់ ជនជាត់ប៊ែលហ្សិក១នាក់ ជនជាតិបារាំង៩នាក់ ជនជាតិម៉ាឡេស៊ី៧នាក់ និងជនជាតិខ្មែរចំនួនច្រើនជាងគេគឺរហូតទៅដល់២៤នាក់ឯណោះ។
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានដដែល ពុំមានករណីឆ្លងថ្មីណាមួយត្រូវបានគេរកឃើញឡើយ ទាំងករណីឆ្លងនៅក្នុងសហគមន៍ ឬការនាំចូលពីបរទេស។
អត្ថបទ៖ យុវជនប្រេនបូឌា ង៉ាយ ណៃ
រូបភាពតំណាង៖ Humphrey Muleba on Unsplash
ព័ត៌មានលម្អិត៖ https://www.facebook.com/photo/?fbid=2915239751848445&set=pcb.2915239815181772