|

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជាចាប់ផ្ដើមហើយ!


ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្ដាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ និងក្រុមហ៊ុនដៃគូសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជាច្រើន។

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារកម្ពុជា ជាពិសេសនៅក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។

មូលនិធិកុមារកម្ពុជា ក៏បានអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។

គួរបញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានរៀបចំម្ដងរួចមកហើយកាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានការបរិច្ចាគ ជាង៣០ម៉ឺនដុល្លារអាមេរិក៕

ប្រភព: មូលនិធិគន្ធបុប្ផាកម្ពុជា