ការប្រកួតដណ្ដើមមេដាយមាសរវាងកម្ពុជា-ឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមយប់នេះហើយ! ឥឡូវមកដឹងពីចំណុចខ្លាំងឥណ្ឌូនេស៊ី ដែលជាម្ចាស់មេដាយ ១១ជំនាន់
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្រុមម្ចាស់ផ្ទះកម្ពុជា ផ្នែកបាល់ទះបុរស នឹងត្រូវប៉ះជាមួយក្រុមឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ថៃ ២- ៣កម្ពុជា។
យ៉ាងណាមិញ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះនឹងក្លាយជាជំនួបដ៏តឹងតែងមួយ ដោយហេតុថាក្រុមជម្រើសជាតិបាល់ទះឥណ្ឌូនេស៊ី ត្រូវបានទទួលស្គាល់ថាជាក្រុមខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកផងដែរ។ ហេតុអ្វីក្រុមបាល់ទះឥណ្ឌូនេស៊ីជាក្រុមដ៏មានឥទ្ធិពល?
បាល់ទះ ក្នុង ប្រទេស ឥណ្ឌូនេស៊ី ត្រូវ បាន លេង តាំង ពី សម័យ អាណានិគម ហូឡង់។ បន្ទាប់ពីត្រូវបានលេងជាកីឡាផ្លូវការនៅក្នុងព្រឹត្តិការ៍កីឡាជាតិឆ្នាំ ១៩៥១។ សហព័ន្ធបាល់ទះឥណ្ឌូនេស៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ រហូតមកដល់ពេលនេះ បាល់ទះបានក្លាយជាកីឡាដ៏ពេញនិយមមួយ ដែលប្រជាជនឥណ្ឌូនេស៊ីលេង និងត្រូវបានបញ្ចូលក្នុងសកម្មភាពសិក្សានៅសាលា សម្រាប់សិស្សានុសិស្សលេង និងហ្វឹកហាត់។
ការប្រកួតបាល់ទះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានដំណើរការយ៉ាងហោចណាស់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដែលជាការប្រកួតប្រជែងអាជីពសម្រាប់អត្តពលិកបាល់ទះក្នុងស្រុក។ ក្រុម បាល់ទះ ជម្រើស ជាតិ បុរស របស់ ប្រទេស ឥណ្ឌូនេស៊ី ក៏ បាន បង្កើត សមិទ្ធផល ជាច្រើន ក្នុង ការ ប្រកួត អន្តរជាតិ ផង ដែរ។ ជាក់ស្ដែង ក្រុមឥណ្ឌូនេស៊ី តែងបានបង្ហាញខ្លួននៅរាល់ព្រឹត្តិការណ៍ស៊ីហ្គេមជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ និងជាម្ចាស់មេដាយស៊ីហ្គេម ១១ជំនាន់ ដែលមេដាយមាសចុងក្រោយ ដណ្ដើមបានពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
ជាមួយនឹងការរីកចម្រើននៃវិស័យកីឡា ឥណ្ឌូនេស៊ីមានមជ្ឈមណ្ឌលបាល់ទះស្ដង់ដារពិភពលោក ដែលបំពាក់ដោយសម្ភារៈ និងបរិក្ខារទំនើបៗសម្រាប់អត្តពលិកធ្វើការហ្វឹកហាត់ អភិវឌ្ឍសមត្ថភាព និងមានការគាំទ្រពី FIVB ដែលផ្ដល់ជំនួយក្នុងការបណ្ដុះបណ្ដាល ដោយការបញ្ជូនគ្រូបច្ចេកទេសល្អៗ និងតាមរូបវន្តរបស់ខ្លួន៕