ទើបតែមកកម្ពុជាបានប៉ុន្មានថ្ងៃ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងនឹងការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា
បន្ទាប់ពីពិធីស្វាគមន៍ក្រុមកីឡានៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី០៣ ខែឧសភានេះ លោកបណ្ឌិត Hing Siong Chen បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានអន្តរជាតិដ៏ល្បីមួយ ដោយលើកឡើងថា ម្ចាស់ផ្ទះកម្ពុជា ពិតជារៀបចំបានល្អណាស់។
លោកបណ្ឌិត Hing ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) និងជាប្រធានសហព័ន្ធកីឡាជិះកង់សិង្ហបុរីបានមានប្រសាសន៍ថា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ កម្ពុជាបានរៀបចំទទួលអត្តពលិក និងប្រតិភូកីឡាមកពីបណ្ដាប្រទេសនានាយ៉ាងកក់ក្ដៅ។ នៅបន្ទប់ស្នាក់នៅ មានម៉ាស៊ីនត្រជាក់ទាំងអស់ មានទឹករត់ មានទឹកក្តៅសម្រាប់ងូត មានសេវាបោកអ៊ុតសម្រាប់ពួកគេ ព្រមទាំងមានលេខាធិការដ្ឋាននៅទីនោះ ដើម្បីឱ្យប្រាកដអ្វីៗផ្សេងទៀតដែលពួកគេត្រូវការ នឹងត្រូវរៀបចំនៅទីនោះ។ ដោយឡែក លោកក៏បានកោតសរសើរចំពោះការរៀបចំម្ហូបអាហារដ៏សម្បូរបែប ទាំងរសជាតិ និងអនាម័យសម្រាប់ក្រុមអត្តពលិកផងដែរ។
ជាមួយគ្នានេះ លោកបានបន្តថា កម្ពុជាមានកន្លែងហាត់ប្រាណដ៏ធំសម្បើមសម្រាប់អត្តពលិក ទាំងកន្លែងវាយកូនគោល អាងហែលទឹកជាដើម ដែលអាចឱ្យអត្តពលិកអាចហ្វឹកហាត់បានយ៉ាងងាយស្រួល។ រាល់ការរៀបចំ គឺកម្ពុជាដឹងពីអ្វីដែលអត្តពលិកត្រូវការ ព្រោះកម្ពុជាក៏មានអត្តពលិករបស់ខ្លួនដែរ ដូច្នេះកម្ពុជាបានបានគ្រោងទុកវាយ៉ាងល្អ សម្រាប់ការប្រកួត។
លោកវេជ្ជបណ្ឌិត ហ៊ីង បាននិយាយថា «វាពិតជាល្អណាស់ដែលបាននៅទីនេះជាមួយក្រុមទាំងមូល» ។ ពួកគេទាំងអស់គ្នាពិតជារំភើបណាស់ និងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការហ្វឹកហាត់ និងការប្រកួត ហើយឥឡូវនេះពួកគេទាំងអស់គ្នារីករាយណាស់ដែលបានមកទីនេះ។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ អត្តពលិករបស់ក្រុមសិង្ហបុរីបានសម្របខ្លួនបានយ៉ាងល្អ។
គួរបញ្ជាក់ថា នេះជាលើកដំបូងរបស់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់។ ស៊ីហ្គេមលើកទី៣២ នឹងមាន ៣៦ប្រភេទកីឡា ដោយព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ប៉ុន្តែព្រឹត្តិការណ៍កីឡាមួយចំនួនរួមមានបាល់ទាត់ ទូកក្តោង និងវាយកូនគោលកំពុងដំណើរការហើយ៕
ប្រភព៖ CNA