| | |

ហេតុផលដែលប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចប្រកាសលាឈប់ពីតំណែង ប្រសិនបើកម្ពុជាមិនអាចឆ្លងផុតការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំ


កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ការប្រកួតវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំរវាងកម្ពុជា និងហ្វីលីពីន ក្នុងលទ្ធផល១-១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលបញ្ជាក់ថា«ប្រសិនបើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ។

ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។»

បញ្ជាក់ក្រោយមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើកទី១៣ កាលពីឆ្នាំ២០១៩ ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញនូវជំនឿចិត្តខ្ពស់ក្នុងការដណ្ដើមពានលើប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២នេះ។ ឯកឧត្តមបានលើកឡើងថា ស៊ីហ្គេម ឆ្នាំ២០២៣ គឺជាគោលដៅសំខាន់របស់សហព័ន្ធ ដោយដាច់ខាតត្រូវលើកពានមេដាយមាសឱ្យខាងតែបាន។ ការដាក់ក្ដីរំពឹងខ្ពស់យ៉ាងដូច្នេះ គឺដោយសារសហព័ន្ធបាល់ទាត់បានដាក់ចេញនូវបេសកកម្មធំៗចំនួន៤ត្រូវអនុវត្តន៍រួមមាន បង្កើនសមត្ថភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យមានគុណភាព និងវិជ្ជាជីវៈ ក្នុងការដឹកនាំ និងគ្រប់គ្រងក្លិបបាល់ទាត់អាជីព រៀបចំមូលដ្ឋានសម្រាប់បាល់ទាត់ កម្ពុជាឈានទៅរកសមត្ថភាព និងបច្ចេកទេសកម្រិតខ្ពស់ លើកកម្ពស់ និងប្រើប្រាស់ វិស័យកីឡាបាល់ទាត់ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សង្គម និងការធានាលទ្ធផល ល្អប្រសើរ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

យ៉ាងណាមិញ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាការសម្រេចចិត្តដោយផ្អែកលើការទទួលខុសត្រូវខ្ពស់ក្នុងនាមអ្នកដែលបានលះបង់ និងប្រឹងប្រែងលើកស្ទួយកិត្តិយសជាតិខ្មែរ តាមរយៈវិស័យកីឡាអស់រយៈពេលជាង១០ឆ្នាំកន្លងមក រួមជាមួយនឹងការដាក់ក្ដីរំពឹងខ្ពស់សម្រាប់ជ័យជម្នះរបស់កម្ពុជាផងដែរ៕