«ពុទ្ធមាមការភិបាល» ជាគោរមងារថ្មីរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានប្រគល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក
នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែលផ្ដល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្រ«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង។
ការផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចូលរួមលើកតម្កើង និងផ្ដល់តម្លៃចំពោះព្រះពុទ្ធសាសនាបានយ៉ាងល្អប្រសើរនារយៈពេលកន្លងមក។ អង្គការពុទ្ធសាសនិកពិភពលោកបានស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ អង្គការពុទ្ធសាសនិកពិភពលោកបានរំលេចផងដែរថា ជាមួយនឹងការរស់ឡើងវិញនៃការគោរពប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជាតាមរយៈការទូន្មានតាមទ្រឹស្ដីព្រះពុទ្ធសាសនាលើមាគ៌ាកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ ជាមួយគ្នានេះ សម្ដេចតេជោបាននាំមកជូនប្រជាជនវិញនូវភាពសប្បូរសប្បាយក្នុងសុខសន្តិភាពពេញលេញ សុខដុមរមនាក្នុងសង្គម សាសនា និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
គោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» សម្រាប់ថ្វាយព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងគោរមងារ« ពុទ្ធមាមកាភិបាល» គឺត្រូវបានផ្ដល់ជូនចំពោះ ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា និងគោរពប្រណិបត្តិ ឧបត្ថម្ភទ្រទ្រង់តម្លៃនៃពុទ្ធសាសនាប្រកបដោយសទ្ធាជ្រះថ្លា។ រហូតមកដល់ពេលនេះ គោរមងារនេះធ្លាប់បានផ្ដល់ជូនសម្ដេចព្រះសង្ឃរាជ ព្រះមហាត្ថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គរូបរួចមកហើយ ដែលក្នុងនោះរួមមាន សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាត្ថេរមហានាយកនៃសាធារណរដ្ឋស្រីលង្ការ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្ការ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកនៃប្រទេសជប៉ុន។
ដោយឡែក សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ដែលផ្ដល់ជូនសម្ដេចនាពេលនេះ ត្រូវបានផ្ដល់ជូនដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងរបស់ប្រទេសឥណ្ឌូនេស៊ី។ ការផ្ដល់ជូនសញ្ញាបត្រនេះ គឺយោងទៅលើហេតុផលមួយចំនួន ដោយសម្ដេចតេជោបានលះបង់ពេញមួយជីវិត ដើម្បីបង្រួបបង្រួមជាតិ ធានាបាននូវការផ្លាស់ប្ដូរ និងការភិវឌ្ឍជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចក៏បានស្ដាររបបរាជានិយម ធ្វើឱ្យព្រះពុទ្ធសាសនារស់រានមានជីវិតឡើងវិញ រួមទាំងសមាហរណកម្មប្រទេសជាតិចូលក្នុងតំបន់ និងសកលលោក ការពង្រឹងនូវអភិបាលកិច្ចតាមរយៈការធ្វើកំណែទម្រង់ប្រកបដោយភាពជោគជ័យ និងផ្លែផ្កាជាច្រើន ក៏ដូចជាការចរចាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហានាពេលកន្លងមក រហូតដល់មានឈ្មោះថា កម្ពុជាប្រទេសតូច តែមានបេះដូងទូលាយ។ បន្ថែមពីនេះ គឺការចូលរួមក្នុងសកម្មភាពមនុស្សធម៌ លើកកម្ពស់ការអត់ឱនអធ្យាស្រ័យឱ្យគ្នា គោលនយោបាយស្ដីអំពីសេរីភាព និងជំនឿសាសនាផងដែរ ដែលទាំងនេះគឺជាការបំពេញតាមគ្រប់លក្ខខណ្ឌ ដែលបានចែងក្នុងការផ្ដល់ជូននូវសញ្ញាបត្រកិត្តិយសដ៏មានតម្លៃនេះ។
គួរបញ្ជាក់ថា ពិធីប្រគល់គោរមងារកិត្តិយស និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនាឱកាសនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister