សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពប្រកាសបើកពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ គណៈចលនាមហាជននៃគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីរចនាសម្ព័ន្ធគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈជំនាញទាំង៤, គណៈចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ រួមទាំងសមាសភាពពីអង្គការមហាជននានា ដែលមានសមាសភាពប្រមាណ ២០០០ នាក់ នៅវិមាន៧ មករា។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍អំពីដំណើរការនៃការរៀបចំ និងគោលបំណងនៃពិធីជំនួបនាពេលនេះ ព្រមទាំងប្រធានបទនៃបទបង្ហាញសំខាន់ៗដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំរយៈពេល១ថ្ងៃពេញនេះ។
ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការរក្សាប្រៀបខ្លាំងនិងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតនាពេលកន្លងមក។
សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា៖ «ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជាការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។ ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់បន្តចូលរួមធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាប្រៀបឈ្នះនាពេលខាងមុន និងអាណត្តិបន្តបន្ទាប់ទៀត។
សូមជម្រាបថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន ០៣ ដែលនឹងផ្តល់ជាពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៅលើបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕