សម្ដេច ហ៊ុន សែន ដាស់តឿនឱ្យមន្ត្រីគ្រប់រូបចាំថា ខ្លួនជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ បើពុំដូច្នេះទេ នឹងក្ដាប់តំណែងខ្លួនមិនជាប់ទេ»
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
មានប្រសាសន៍នាឱកាសនេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការពង្រឹងឡើងវិញលើការអប់រំគុណធម៌ សីលធម៌របស់មន្ត្រីទាំងអស់ ដើម្បីឱ្យដឹងពីតួនាទីរបស់ខ្លួន និងនៅកៀកកិតជាមួយប្រជាពលរដ្ឋកាន់តែប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានធ្វើការរំលឹកឱ្យមន្ត្រីគ្រប់រូបត្រូវចាំជានិច្ចថា ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជន ហើយប្រើអំណាចជិះជាន់លើពលរដ្ឋដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ បើពុំដូច្នោះទេ នឹងក្ដាប់តំណែងខ្លួនមិនជាប់ទេ ងាយនឹងរបូតធ្លាក់ចុះ ដោយសារការមិនពេញចិត្តរបស់ពលរដ្ឋ។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាមន្ត្រីដែលស្មោះត្រង់ពិតប្រាកដ មិនដែលអួតខ្លួនថាល្អទេ ជាក់ស្ដែងដូចជាគណៈបក្សប្រជាជនកម្ពុជា មិនដែលប្រកាសថាខ្លួនល្អនោះទេ ប៉ុន្តែគណៈបក្សប្រជាជននេះហើយដែលនៅខាំស្មៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះ តាមរយៈបទពិសោធន៍ជាមន្ត្រីច្រើនឆ្នាំ សម្ដេចបានណែនាំឱ្យមន្ត្រីដឹកនាំខិតខំទទួលយកព័ត៌មានដែលពិតមកសិក្សា មានសមត្ថភាពធ្វើការសម្រេចចិត្តដោយឈរលើសច្ចភាព ត្រូវមានយុត្តិធម៌ កុំឱ្យគេក្លែងបន្លំព័ត៌មានបាន និងបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
សូមជម្រាបថា រយៈពេល៣០ឆ្នាំកន្លងមកនេះ តាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាលបានសម្រេចការបណ្ដុះបណ្ដាលមន្ត្រីរាជការ និងមន្ត្រីសាធារណៈវគ្គសិក្សារយៈពេលវែង និងរយៈពេលខ្លីសរុបប្រមាណជា ១៩.៣៤៤ នាក់ (នារី ៤.៥៤៦ នាក់ ស្មើ ២៤%)។ សាលាបានបណ្តុះបណ្តាលសិស្សមន្រ្តីដែលបានប្រលងជាប់នៅគ្រប់កម្រិត សរុបចំនួន ១.៤០៣ នាក់ (នារី ៣៣៨ នាក់)។ ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្រ្តីថ្មីដែលត្រូវបានជ្រើសរើសដោយក្រសួង ស្ថាប័នតាមរយៈការប្រលងចូលក្នុងក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលាក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧.២៣១ នាក់ (នារី ១.០៩៣ នាក់ ស្មើ ១៥%) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥.៨៧៨ នាក់ (នារី ១.២៤១ នាក់ ស្មើ ២១%)៕