កម្ពុជា-ចិន រួមគ្នាបង្ហាញទៅកាន់ពិភពលោកថា មិត្តភាពដែកថែបកម្ពុជា-ចិន មិនអាចបំបែកបំបាក់បានឡើយ
ថ្វីបើមិនមានព្រំដែននៅជាប់គ្នា តែចំណងមិត្តភាពរវាងកម្ពុជា-ចិន បានចាក់ឬសយ៉ាងជ្រៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ វប្បធម៌ ទំនាក់ទំនងសហប្រតិបត្តិការនានាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លើសពីនេះ ក្រៅពីទំនាក់ទំនងទ្វេភាគី កម្ពុជាក៏រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនក្នុងកម្រិតពហុភាគី ក្នុងក្របខណ្ឌអាស៊ានផងដែរ ។
តាមរយៈសមិទ្ធផលដែលសម្រេចបានរួមគ្នា ធ្វើឱ្យទំនាក់ទំនងដែកថែបនេះឈានចូលទំព័រថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួម។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះកងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធនាគមាសរួមគ្នា ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញដល់ពិភពលោកឱ្យកាន់តែច្បាស់បន្ថែមទៀតថា«មិត្តដែកថែប»រវាងកម្ពុជា-ចិន មិនអាចបំបែកបំបាក់ បាននោះឡើយ ខណៈការធ្វើសមយុទ្ធនេះ ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់ តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និង សកលលោកផងដែរ។
តាមរយៈសមយុទ្ធនេះពិតជាមានសារៈសំខាន់ និងជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកម្ពុជា-ចិន ដោយបានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំសម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេស និងកងទ័ពទាំងពីរ ស្របពេលដែលស្ថានការណ៍នៅលើពិភពលោកមានភាព ប្រែប្រួល និងវិវត្តន៍យ៉ាងឆាប់រហ័ស និងក្រោយវិបត្តិជំងឺកូវីដ-១៩ មាន ភាពធូរស្រាល។
សមិទ្ធផលដែលសម្រេចបានពីការធ្វើ សមយុទ្ធ រួមគ្នា លើកទី៥នេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន»ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាព ឆ្ពោះទៅយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយ គុណភាព និងស្ដង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជា រតនៈសម្បត្តិដ៏មានតម្លៃបំផុតគ្រប់ជំនាន់ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ដែលជាផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា និងចាត់ទុកថាកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍ វាសនារួមកម្ពុជា-ចិន។ នេះដោយយោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង