|

អបអរសាទរ! រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលបានពានរង្វាន់ World Literacy Foundation Award ក្នុងនាមប្រទេសដែលមានភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញទទួលពានរង្វាន់ World Literacy Foundation Award សម្រាប់ឆ្នាំ២០២៣ ដែលពានរង្វាន់នេះ ជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។

នេះជាភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់បុគ្គលិកអប់រំទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា និងសម្រាប់វិស័យអប់រំរបស់កម្ពុជាយើងទាំងមូល។ ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានទទួលស្គាល់ លើការអភិវឌ្ឍអក្ខរកម្ម។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមអប់រំជាច្រើនដើម្បីជួយលុបបំបាត់អនក្ខរកម្ម។

គំនិតផ្តួចផ្តើមរួមមានកម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញនៅសាលា អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយអក្ខរកម្ម សញ្ញាបត្រសមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិត។ នៅឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។

ការទទួលស្គាល់ និងការទទួលបានរង្វាន់ខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស។

សូមជម្រាបថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម ដែលមានភាពលេចធ្លោ និងឆ្នើមជាងគេ។

រូបភាព: World Literacy Foundation