ឯកឧត្តម ហ៊ុន ម៉ានី៖ «ការលះបង់របស់កងកម្លាំងគឺជាគុណតម្លៃនៃសុខសន្តិភាព»
នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងខេត្តកំពង់ស្ពឺ និងកងកម្លាំងទាំង ៤ ប្រភេទសរុបប្រមាណ ២០០ នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសុវត្ថិភាព ជូនប្រជាជននិងចូលរួមជាមួយរាជរដ្ឋាភិបាល មិនថាក្នុងកាលៈទេសៈមិនថាពេលដែលប្រជាជនជួបសុខសន្តិភាព សម្បូរសប្បាយ ឬមានគ្រោះធម្មជាតិនានា ទាំងក្នុងអតីតកាល បច្ចុប្បន្នភាព និងអនាគតកាល។ ឯកឧត្តម បានគូសបញ្ជាក់ថា ការលះបង់របស់កងកម្លាំងរបស់កងកម្លាំងនេះហើយ គឺជាគុណតម្លៃនៃសុខសន្តិភាព។
ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យកងកម្លាំងកងកម្លាំងទាំងអស់បន្តជឿជាក់លើគោលនយោបាយដាក់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោក តែងតែបន្តកគិតគូរ និងយកចិត្តទុកដាក់ចំពោះការដាក់ចេញនូវគោលនយោបាយ និងសុខទុក្ខកងកម្លាំងទាំងអស់ ។
សូមជម្រាបផងដែរថា ការជួបជុំថ្ងៃនេះ គឺក្នុងឱកាសអបអរសាទរនៃការឈានមកដល់នៃចូលឆ្នាំខ្មែរ សួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសន្តិភាពជូនប្រជាជន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តកងកម្លាំងគ្រប់ប្រភេទបន្តអនុវត្តតួនាទី គោរពតាមបទបញ្ជា បន្តឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិអោយកាន់តែប្រសើរ៕