លោក ហ៊ុន ម៉ានី៖ «ប្អូនៗត្រូវចាំថា អ្វីដែលធ្វើឱ្យគេចងចាំ មិនមែនតួនាទីដែលយើងទទួលបាននោះទេ ប៉ុន្តែជាសកម្មភាព និងលទ្ធផលជាក់ស្ដែងដែលយើងបានផ្ដល់ទៅឱ្យអ្នកដទៃ»
នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមបានគូសបញ្ជាក់ថា «ប្អូនៗត្រូវចាំថា អ្វីដែលធ្វើឱ្យគេចងចាំ មិនមែនតួនាទីដែលយើងទទួលបាននោះទេ ប៉ុន្តែជាសកម្មភាព និងលទ្ធផលជាក់ស្ដែងដែលយើងបានផ្ដល់ទៅឱ្យអ្នកដទៃ»។ ក្នុងន័យនេះឯកឧត្តមចង់បង្ហាញទៅកាន់អង្គពិធីឱ្យយល់កាន់តែច្បាស់អំពីសកម្មភាពល្អៗដែលស.ស.យ.ក.អាចចូលរួមបានជាមួយសង្គមគឺជាសកម្មភាពដែលសង្គមចងចាំ និងជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ។
ជានិច្ចកាលឯកឧត្តម ហ៊ុន ម៉ានី តែងមានប្រសាសន៍រំលឹកពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់នូវកម្លាំងកាយ ចិត្ត និងក្ដីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកឱកាសនានាសម្រាប់យុវជនជំនាន់ក្រោយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងលើទិដ្ឋភាពប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយឱ្យទទួលស្គាល់ពីគុណបំណាច់ និងគំរូវីរភាពដែលឥស្សរជន និងអ្នកស្នេហាជាតិបានពលីកន្លងមក។ ផ្សារភ្ជាប់ជាមួយការទទួលស្គាល់ គឺការចូលរួមចំណែកបំផុសស្មារតី បណ្ដុះឆន្ទៈយុវជនឱ្យចូលរួមជាសកម្មភាព ក្នុងបេសកកម្មការពារ និងបម្រើប្រយោជន៍ជាតិ ឱ្យសមនឹងតម្លៃនៃការលះបង់របស់យុវជនជំនាន់មុនៗមកលើជាតិមាតុភូមិ។
គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលស.ស.យ.ក. និងឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ អ្នកដឹកនាំចលនាយុវជន និងសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀងជាច្រើនរូប៕