|

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នាក្នុងការនាំចេញដំឡូងមី ក្នុងបរិមាណ៥០០ ០០០តោនក្នុងមួយឆ្នាំ


កាលពីពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម បានសហការជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត រវាងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន។

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះមានគោលបំណងដើម្បីជំរុញការនាំចេញដំឡូងមី ដោយត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០០ ០០០តោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។

ការចុះអនុសារណៈយោគយល់គ្នារវាងកម្ពុជា និងចិននេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសម្រួលដល់ប្រជាកសិករ តាមរយៈការបើកទូលាយនូវទីផ្សារនាំចេញដើម្បីគាំទ្រ និងលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ក៏ជាការបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ និងការនាំចេញផលិតផលកម្ពុជាទៅឆាកអន្តរជាតិស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

គួរជម្រាបផងដែរថាការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ