រឿងដែលសិស្សថ្នាក់ទី១២គួរធ្វើ អំឡុងពេលនៃការពន្យារសម័យប្រឡងដើម្បីធានាកៅអីទៅវិថីមហាវិទ្យាល័យ


ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ដោយសារស្ថានភាពបច្ចុប្បន្ននៅមិនទាន់អាចឲ្យដំណើរការសិក្សាជាធម្មតាបានដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

កំឡុងពេលនៃការឈប់សម្រាកនេះដែរ សិស្សានុសិស្សទាំងអស់នឹងមានពេលវេលាទំនេរច្រើន អាស្រ័យហេតុនេះគប្បីចំណាយពេលវេលាឲ្យមានប្រសិទ្ធភាព និងចំគោលដៅដើម្បីធានាអំពីកៅអីកក់ទៅវិថីសាកលវិទ្យាល័យ។

ដូចគ្នានេះដែរ ក្រសួងអប់រំបានបញ្ជាក់បន្ថែមដែរថា សិស្សានុសិស្សទាំងអស់ត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់សៀវភៅគោលតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួង ព្រមទាំងដៃគូសហការផ្សេងៗ។

ដូច្នេះ ទោះបីជាមិនទាន់អាចចូលរៀនបានជាធម្មតាក៏ដោយ ប្អូនៗទាំងអស់គ្នានៅតែអាចធ្វើការស្រាវជ្រាវ និងបន្តការរៀនសូត្ររបស់ខ្លួនបានជាប្រក្រតី ជាពិសេសប្អូនៗរៀនថ្នាក់ទី៩ និងទី១២តែម្ដង។

ម៉្យាងវិញទៀត បើទោះបីជាកាលបរិច្ឆេទនៃការប្រឡងត្រូវបានពន្យារក៏ដោយ ក៏ពុំគួរចំណាយពេលវេលាច្រើនជ្រុលទៅលើរឿងដូចជា ការលែងហ្គេមអនឡាញ ហ្វេសប៊ុក ឬរឿងណាដែលអាចប៉ះពាល់ដល់ការរៀនសូត្រនៅផ្ទះនោះឡើយ។

ប្អូនៗទាំងអស់គួរចេះរកវិធីរៀនសូត្របន្ថែម ក្រៅតែពីមេរៀនដែលបានកំណត់ដោយក្រសួង ឬលោកគ្រូអ្នកគ្រូ ត្រូវចេះមើលកម្មវិធីណាដែលមានបង្រៀនពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ធ្វើបែបនេះនឹងអាចជួយពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

រឿងដែលសំខាន់មួយទៀត គឺត្រូវថែទាំសុខភាពឲ្យបានល្អកុំឲ្យកើតមាននៅជំងឺផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈនេះត្រូវព្យាយាមនៅផ្ទះឲ្យបានច្រើន ដើម្បីបញ្ចៀសខ្លួនអ្នក និងគ្រួសារអ្នកពីកូវីឌ-១៩៕

អត្ថបទ៖ យុវជនប្រេនបូឌា ង៉ាយ ណៃរ

រូបភាព៖ Green Chameleon