«ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ»
នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្លែងចែករំលែកទស្សនៈផ្ទាល់ខ្លួន ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅសាលាស្រុកឱរ៉ាល់ ប្រមាណ ៣៧៦ នាក់ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តមបានចែករំលែកទស្សនៈផ្ទាល់ខ្លួនថាពាក្យ «អរគុណសន្តិភាព» ស្តាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ គឺយើងត្រូវប្រៀបធៀបទៅនឹងពេលគ្មានសុខសន្តិភាព ទើបយើងអាចយល់ពីគុណតម្លៃនៃសុខសន្តិភាព ដោយផ្សារភ្ជាប់ថា«ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ»។
ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្តមបានសរបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជាគ្មានសុខសន្តិភាព រងនូវសោតនកម្មដ៏ឃោឃៅ សង្រ្គាមរាំរ៉ៃ នឹងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ។ ឯកឧត្តមបានបន្តទៀតថា ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ គឺជាមោទកភាពមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប។
ផ្សារភ្ជាប់ជាមួយគ្នាដែរ ឯកឧត្តមបានរំលេចដែរថា សន្តិភាពបាននូវមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះៗ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសអោយប្រទេសកម្ពុជាមានអ្នកវិនិយោគច្រើន ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាពបានទាក់ទាញឱកាសនៃការវិនិយោទុន ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។ បន្ថែមទៅទៀតនេះ ឯកឧត្តមបានរំលេចបន្ថែមថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះគឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព។