ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឱ្យដាក់បញ្ចូលភាសាខ្មែរជាមុខវិជ្ជាកាតព្វកិច្ចក្នុងសាលាឯកជនអន្តរជាតិទាំងឡាយនៅកម្ពុជា សម្រាប់ឱ្យកូនខ្មែរបានរៀន


អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ខណៈដែលសង្កេតឃើញពីទំនោរ និងឥរិយាបថប្រែប្រួលរបស់សិស្សានុសិស្សមួយចំនួនតូចនៅកម្ពុជាបច្ចុប្បន្ន។ ភាសាអន្តរជាតិ គឺជាជំនាញចាំបាច់មួយ ដែលសិស្សានុសិស្សត្រូវមាននាសតវត្សទី២១នេះ ក្នុងនោះ សិស្សានុសិស្សជាច្រើន ដែលបានទទួលការបណ្ដុះបណ្ដាលភាសាអង់គ្លេស ឬភាសាដទៃទៀតតាំងពីកុមារភាពមកម៉្លេះនៅតាមសាលាឯកជនអន្តរជាតិនានា ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យមានភាពស៊ីសង្វាក់ជាមួយនឹងទំនើបកម្ម។

ស្របពេលដែលមានតែចណេះដឹងផ្នែកភាសាអន្តរជាតិ សិស្សានុសិស្សមួយចំនួនហាក់ដូចជាខ្សោយភាសាជាតិ ដែលក្នុងន័យមួយ «មានតែចំណេះដឹង តែបាត់អត្តសញ្ញាណ»។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើក្រសួងអប់រំយុវជន និងកីឡា ពិចារណាលូកដៃក្នុងរឿងនេះ ដោយធ្វើយ៉ាងណាស្នើបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សានៃសាលាអន្តរជាតិទាំងឡាយ ដើម្បីឱ្យកូនខ្មែរបានរៀនសូត្រ ដោយរួមបញ្ចូលទាំងការអប់រំចំណេះដឹងទូទៅ ភាសា វប្បធម៌ ប្រពៃណី និងការអប់រំផ្នែកសីលធម៌ផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា ការអប់រំត្រូវគិតពីការបង្កើនចំណេះដឹងជំនាញ ប៉ុន្តែក៏មិនត្រូវភ្លេចពីការថែរក្សាអត្តសញ្ញាណជាតិដែរ ជាពិសេសភាសា វប្បធម៌ ប្រពៃណីរបស់ជាតិ។ ទន្ទឹមនឹងនេះ កូនខ្មែរទោះបីជាចេះភាសាអន្តរជាតិយ៉ាងណា ឬទៅរស់នៅកន្លែងណាក៏នៅតែជាកូនខ្មែរ ដូច្នេះកុំឱ្យកូនខ្មែរអត់ចេះភាសាខ្មែរនៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌ សីលធម៌ខ្មែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា វាមិនមែនជាការខុសឆ្គង ដែលឱ្យកូនខ្មែររៀនភាសាជាតិខ្លួននោះ បើទោះបីជាសាលានោះជាសាលាអន្តរជាតិក៏ដោយ ព្រោះវាជាកាតព្វកិច្ចដែលកូនខ្មែរត្រូវរៀន ដើម្បីកុំឱ្យបាត់អត្តសញ្ញាណ ក្នុងរូបភាពអភិវឌ្ឍ មិនមែនជាការអភិរក្សចំណេះដឹង៕

ប្រភព៖ Hun Manet