ការចាក់វ៉ាក់សាំងដូសជំរុញ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សនៅរាជធានីភ្នំពេញនឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះហើយ
ដោយយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សានៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។
ដោយឡែក នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញមានការរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមចាក់វ៉ាក់សាំងដូសជំរុញ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមានសមាជិកចូលរួមចំនួន២៧០នាក់។
ការចាក់វ៉ាក់ស៊ាំងដូសជំរុញ ត្រូវបានធ្វើឡើងយោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តរក្សានូវនិរន្តរភាពនៃដំណើរការប្រទេសជាតិប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មីរួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ។
សូមជម្រាប តាមរយៈការចាក់វ៉ាក់ស៊ាំងលើកនេះ នឹងមានសិស្សានុសិស្សចំនួន ២៣៩ ៨៦៣នាក់ដែលនឹងទទួលបានការចាក់ដូសជំរុញ។ ក្នុងនោះ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ នឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ចំនួន៣២ក្រុម ដែល១ក្រុមមានគ្រូពេទ្យចំនួន៥នាក់ ស្មើនឹងគ្រូពេទ្យសរុប ១៦០នាក់៕
ប្រភព៖ MoEYS, ក្រសួងសុខាភិបាល