|

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាពប្រើប្រាស់គ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេស


កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាពប្រើប្រាស់គ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងកំពុងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាតាមបែបឌីជីថល ដើម្បីឱ្យសាកលវិទ្យាល័យទាំងអស់ភ្ជាប់គ្នា សម្របដល់ការគ្រប់គ្រងនិស្សិត និងផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធឌីជីថល។

លើសពីនេះ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនវិទ្យាល័យ និងសាកលវិទ្យាល័យដែលមានជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងជំនាញពាក់ព័ន្ធនឹងឌីជីថល។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួយរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅក្នុងសាកលវិទ្យាល័យ ដើម្បីជំរុញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។

តាមរយៈកិច្ចសហការនេះ នឹងចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែប្រសើរ ក្នុងគោលដៅជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍