|

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកអ្នកដំណើរ ៣៣៨នាក់ មាន២២សញ្ជាតិ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ


(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន ២២សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចេញទៅវិញ និងបន្តចាកចេញទៅកាន់ប្រទេសវៀតណាមវិញ មិនទាន់បានកំណត់ម៉ោង។

នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាមេរិកច្រើនជាងគេ ចំនួន ១២៧នាក់ អង់គ្លេសចំនួន ៧៨នាក់ និងអូស្រ្តាលីចំនួន ៣៣នាក់។

គួរជម្រាបដែរថា នេះគឺជាការចូលចតលើកទី៣ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង០២ឆ្នាំកន្លងមកនេះ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជា ធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕

ប្រភព: ក្រសួងទេសចរណ៍