|

សម្តេច ហ៊ុន សែន បញ្ជាក់ក្នុងនាមជាអ្នកសម្រេចចិត្តខាងនយោបាយថា កម្ពុជាមិនបានផ្តល់ជំនួយ យោធាឱ្យប្រទេសអ៊ុយក្រែនទេ រឿងកម្ពុជាជួយបណ្ដុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការ មនុស្សធម៌សុទ្ធសាធ


នេះជាប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនសរុបចំនួន៣២៣២នាក់ នាព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ថ្លែងប្រសាសន៍នាឱកាសនេះ សម្ដេចក៏បានរំលេចឡើងថា កន្លងទៅមានអ្នកលើកឡើងថា កម្ពុជាបាន ផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។ ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្តេចបានធ្វើការគូសបញ្ជាក់ បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថា កម្ពុជាមិនបានផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ សម្តេច បានបន្តថា កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ ដោយ ឡែក រឿងកម្ពុជាជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ការបំផាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាកិច្ចការដែលត្រូវធ្វើទៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក។

ដោយឡែកនៅក្នុងប្រទេស យើងក៏បានជួយបណ្តុះបណ្តាលអ្នកដែលមកពីក្រៅប្រទេស ហើយយើង មានមជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។ សម្តេច ហ៊ុន សែន បញ្ជាក់ក្នុងនាម ជាអ្នកសម្រេចចិត្តខាងនយោបាយថា កម្ពុជានឹងទទួលយកប្រទេសណាក៏ដោយដែលចង់រៀនដោះមីន ពីកម្ពុជា រាប់ទាំងរុស្សីផងដែរ ដែលនេះមិនពាក់ព័ន្ធនឹងសកម្មភាពយោធាអ្វីទាំងអស់។

ទាក់ទងនឹងការដោះមីន កម្ពុជាមានបទពិសោធន៍ជូរចត់ ដែលមានពលរដ្ឋស្លាប់ និងពិការជាច្រើននាក់ ដោយសារគ្រាប់មីន។ ដូច្នេះ កម្ពុជាមិនអាចបើកភ្នែកមើលសោកនាដកម្មដោយសារគ្រាប់មីននៅតាម បណ្តាប្រទេសនានាទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្ពុជាយើងមានកងទ័ពឈរជើង៤ប្រទេស នៅម៉ាលី នៅសូដង់ខាងត្បូង នៅលីបង់ និងនៅអាហ្វ្រិកកណ្ដាល ដែលជាការរួមចំណែកការពារសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាជាតិ៕