|

ឯកឧត្តមហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការងារផ្សារភ្ជាប់យុវជនជានិស្សិត ទៅនឹងសង្គមជាតិ


ក្នុងជំនួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសមិទ្ធផលនានាដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបាន ជាពិសេសក្នុងកិច្ចការងារផ្សារភ្ជាប់យុវជនជានិស្សិត ទៅនឹងសង្គមជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ សាវុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ តែងបានផ្ដល់ឱកាសឱ្យនិស្សិត ចូលរួមតាមរយៈការងារស្ម័គ្រចិត្តក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. បន្ថែមលើបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាលបានយ៉ាងល្អ។

ប្រសាសន៍នេះ ត្រូវបានលើកឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលឯកឧត្តមប្រធាន បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្វែងយល់អំពីស្ថានភាពរបស់សាកលវិទ្យាល័យ ជាពិសេសលើការងារអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការពង្រឹង និងពង្រីកការផ្ដល់ឱកាសដល់យុវជន និងនិស្សិតនៅសាកលវិទ្យាល័យបន្ថែមទៀត។ គួរបញ្ជាក់ថា ជំនួបនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាលសាស្ត្រសុខាភិបាលជាច្រើនរូបផងដែរ៕