| |

«រោងភាពយន្តស្តង់ដារអន្តរជាតិ លេជិនបាយអាយស៍ ជាជោគជ័យថ្មីមួយទៀត ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងទាក់ទាញវិនិយោគិន»


កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាការសម្ពោធ រោងភាពយន្តលេជេនបាយអាយស៍ មជ្ឈមណ្ឌលកម្សាន្ត ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេស៊ីស, ហាងសម្លៀកបំពាក់ បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និង ផលស្មីត ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង មេហ្កាម៉ល ២៧១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគិន ក្រោមដំបូលនៃម្លប់សុខសន្តិភាព។ ជាក់ស្តែង វត្តមានរោងភាពយន្តស្តង់ដារអន្តរជាតិ លេជិនបាយអាយស៍ មជ្ឈមណ្ឌលកម្សាន្តបែបអប់រំសម្រាប់កុមារ និង យុវវ័យ ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេ និងហាងសម្លៀលបំពាក់ ដ៏ល្បីចំនួន ៣ ទៀត រួមមាន បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និងផលស្មីត បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារជីបម៉ុងម៉ល ២៧១ ក្រោមជំនឿទុកចិត្តយ៉ាងមុតមាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។

លោកជំទាវក៏សង្ឃឹមយ៉ាងម៉ុតមាំថា វត្តមានហាងទាំង ៦នេះ នឹងចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាឲ្យបានល្អជូនដល់អតិថិជន និងបានធ្វើឲ្យផ្សារទំនើបជីបម៉ុង មេហ្គាមល ២៧១ នេះ នឹងក្លាយទៅជាផ្សារទំនើប និងប្រជុំទៅដោយហាង ដែលមានម៉ាកល្បីៗ។ ម៉្យាងទៀតមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការ វិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន ៕

ប្រភព៖ Men Sam An Cambodia Deputy Prime Minister